សំបុត្រ​ពិសេស​ចូល​ទស្សនា Messi ប៉ះ​នឹង Ronaldo ត្រូវបាន​ទិញ​ក្នុងតម្លៃជិត 3 លាន​ដុល្លារ​អាម៉េរិក

Lionel Messi និង Cristiano Ronaldo

(អា​រ៉ា​ប៊ី​សា​អូឌីត) – អ្នកជំនួញ Mushraf Al Ghamdi បានឈ្នះ​ក្នុងការ​ដេញថ្លៃ​សំបុត្រ​ពិសេស​ចូល​ទស្សនា​ការប្រកួតរ​វាង PSG និង Saudi All-Star ដែលមាន​ការចូលរួម​របស់​កំពូល​តារាបាល់ទាត់ Messi និង Ronaldo។

«សូម​អបអរសាទរ។ សំបុត្រ​មនុស្សធម៌ «Above Imagination» លក់​ដេញថ្លៃ​បាន​ខ្ពស់បំផុត​គឺ 10 លាន​រី​យ៉ា​ល (ប្រហែល​នឹង 2.7 លាន​ដុល្លារ​អាម៉េរិក) ហើយ​ត្រូវបាន​ទិញ​ដោយ​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ Mushraf Al Ghamdi» មេដឹកនាំ​ក្នុង​វិស័យ​កំសាន្ត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត Turki Al Sheikh ប្រកាស​នៅលើ Twitter កាលពី​ថ្ងៃទី 17 មករា។

Mushraf Al Ghamdi ដែលជា​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​នៅ អា​រ៉ា​ប៊ី​សា​អូឌីត បាន​នាំមុខគេ​ក្នុងការ​ដេញថ្លៃ​ដែល​បានចាប់ផ្ដើម​តាំង​ពីមួយ​សប្ដាហ៍​មុន។ ទឹកប្រាក់​ដែល​បាន​ពី​ការលក់​សំបុត្រ​ពិសេស​នេះ​នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​អង្គការ​មនុស្សធម៌ Ehsan របស់​រដ្ឋាភិបាល​ប្រទេស​នេះ។

ទន្ទឹមនឹង​ការចូលរួមចំណែក​ក្នុង​កិច្ចការ​មនុស្សធម៌ សំបុត្រ​ពិសេស​នេះ​ក៏​នឹង​អនុញ្ញាតឱ្យ​ម្ចាស់​កម្មសិទ្ធិ​ចូល​ទស្សនាការ​ប្រកួត​ពី​ជ្រុង​មួយ​យ៉ាង​ពិសេស។ ក្រោយពី​ការប្រកួត​បានបញ្ចប់ ម្ចាស់​សំបុត្រ​ថែមទាំង​មាន​សិទ្ធិ​ចូលទៅ​កាន់​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ជួប Messi និង Ronaldo ទៀតផង។

ការប្រកួត​មិត្តភាព​រវាង PSG និង Saudi All-Star នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 19 មករា ក្នុង​កីឡដ្ឋាន King Fahd នៅ​រាជធានី​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។ នេះ​គឺជា​ការ​ប៉ះគ្នា​ដំបូង​របស់ Messi ដែលជា​កំពូល​កីឡាករ​របស់​ក្លឹប PSG និង Ronaldo កំពូល​កីឡាករ​របស់ Saudi All-Star រាប់​ចាប់ពី​ឆ្នាំ 2020។ PSG នឹង​ទទួលបាន 10 លាន​ដុល្លារ​អាម៉េរិក ពី​ការប្រកួត​មិត្តភាព​នេះ។

Saudi All-Star គឺជា​ក្រុមបាល់ទាត់​ចម្រុះ​រវាង​ក្លឹប​ធំជាងគេ​​ពីរ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត គឺ Al Nassr និង Al Hilal។ Ronaldo នឹង​ធ្វើជា​ប្រធាន​ក្រុម​កីឡាករ​របស់​ក្រុមចម្រុះ​នេះ៕

Advertisement