Messi និង Ronaldo បង្កឱ្យមាន​រលក​នៃ​ការគាំទ្រខ្លាំង​​មិន​ធ្លាប់​មាននៅ​អា​រ៉ា​ប៊ី​សា​អូឌីត

ការ​ប៉ះគ្នា​រវាង PSG និង Al Nassr & Al Hilal ប្រាកដ​ជា​នឹង​ល្អ​មើល

បើទោះជា​ការប្រកួត​រវាង PSG និង Al Nassr & Al Hilal មិនទាន់​កើតឡើង ប៉ុន្តែ​នៅឯ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត រលក​នៃ​ការគាំទ្រ​ត្រូវបាន​រុញ​ឡើង​ខ្ពស់ជាងពេលណាៗទាំងអស់។

ការប្រកួត​ខាងលើ​គឺជា​ការចាប់ផ្ដើម​របស់​ Ronaldo ​នៅឯ​ក្លឹប Al Nassr របស់​អា​រា​ប៊ី​សា​អូឌីត បន្ទាប់ពី​ចាកចេញ​ពី Man United។ ការទិញ​ដូរ Ronaldo របស់​ក្លឹប Al Nassr បានធ្វើឱ្យ​កក្រើក​តំបន់​អាស៊ី ដោយសារ CR7 នាំមក​នូវ​ឥទ្ធិពល​ពិសេស ហើយ​ប្រាក់បៀវត្សរ៍​របស់​កំពូល​តារាបាល់ទាត់​ជនជាតិ​ព័រទុយហ្កាល​នេះ​ក៏​ស្ថិតក្នុង​លំដាប់​កំពូល​បំផុត​របស់​ពិភពលោក ដោយ​ទទួលបាន 200 លាន​ដុល្លារ/រដូវ​កាល។

ក៏ប៉ុន្តែ អ្នកគាំទ្រ​មិនទាន់​បានឃើញ Ronaldo ទាត់​ក្នុង​ឈុត​សម្លៀកបំពាក់​ថ្មី​នៅឡើយ ដោយសារតែ​មូលហេតុ​ដែល​ទាក់ទង​នឹង​ការពិន័យ​មុន​នោះ ព្រោះ​កីឡាករ​រូបនេះ​បាន​បោក​ទូរស័ព្ទ​អ្នកគាំទ្រ​របស់ Everton កាលពី​ទាត់​ឱ្យ Man United។

ក្រោយ​ការរង់ចាំ​អស់​ច្រើន​ថ្ងៃ ចុងក្រោយ​អ្នកគាំទ្រ​ក៏​នឹង​បាន​ទស្សនាការ​ប្រកួត​របស់ Ronaldo។ អ្វីដែល​ពិសេស​ជាង​នេះ​គឺថា គូប្រកួត​របស់ CR7 គឺ Lionel Messi និង​ក្លឹប PSG។ តាំងពី​យូរ​មកហើយ កំពូល​កីឡាករ​ទាំងពីរ​រូបនេះ​មិនដែល​បាន​ជួបគ្នា ដូច្នេះ​ការប្រកួត​នាពេលខាងមុខ បើ​ទោះ​គ្រាន់តែ​ជា​មិត្តភាព ប៉ុន្តែ​កម្លាំង​ទាក់ទាញ​របស់​វា​គឺ​ពិតជា​មិនអាច​បដិសេធ​បាន។ Ronaldo និង Messi សុទ្ធ​តែមាន​អាយុ​ជាង 35 ឆ្នាំ ដូច្នេះ នេះ​អាច​ជាការ​ប៉ះគ្នា​លើកចុងក្រោយ​បង្អស់​រប​ស់​ពួកគេ។

Ronaldo និង Messi

កំពូល​តារាបាល់ទាត់​ជនជាតិ​អា​ហ្ស​ង់​ទីន Messi និង​​ក្រុម PSG បាន​ធ្វើដំណើរ​ទៅកាន់​រាជធានី​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។ យោងតាម​ទំព័រ L’Equipe ដើម្បី​ទទួលបាន​ការយល់ព្រម​របស់ Messi និង PSG មក​ប្រកួត​មិត្តភាពនៅ​អារ៉ាប៊ីសាអូឌីត ក្លឹប Al Nassr និង Al Hilal បាន​ចំណាយ​ប្រាក់​អស់ 10 លាន​អឺរ៉ូ​ឯណោះ។

គិត​មកដល់​ថ្ងៃនេះ ចំនួន​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​ខាងលើ​ដែល​ត្រូវបាន​ទិញ​តាម​អន​ឡាញ បាន​ឡើងដល់​ជាង 350,000 សំបុត្រ​ទៅហើយ ខណៈ​កីឡដ្ឋាន King Fahd អាចដាក់​មនុស្ស​បាន​ប្រហែល​តែ 68,000 នាក់​ប៉ុណ្ណោះ៕

Advertisement