ប្រជ្រៀត​​ជាន់​គ្នា​​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ Arabian Gulf Cup​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ច្រើន​សិប​នាក់​

ហេតុការណ៍​ប្រជ្រៀត​​ជាន់​គ្នា​​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ Arabian Gulf Cup ​កើត​ឡើង​ក្បែរ​ច្រក​ចេញ-ចូល​របស់​កីឡដ្ឋាន​មួយ​នៅ​​ទីក្រុង Basra ​ប្រទេស​អ៊ីរ៉ាក់ បណ្ដាល​មនុស្ស​រាប់​សិប​នាក់​រង​របួស​ និង​ស្លាប់​។

កាលពី​ថ្ងៃទី 19 មករា ហេតុការណ៍​ប្រជ្រៀត​ជាន់​គ្នា​មួយ​បាន​កើត​ឡើង​ខាងក្រៅ​កីឡដ្ឋានមួយ​នៅអ៊ីរ៉ាក់ នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​ពាន​រង្វាន់​ជើង​ឯក​បាល់​ទាត់​ឈូងសមុទ្រអារ៉ាប់ (Arabian Gulf Cup) រវាង​អ៊ីរ៉ាក់ និង​អូម៉ង់ បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង 83 នាក់​​រង​របួស​។

ហេតុការណ៍​នេះ​កើត​ឡើង​ក្បែរ​ច្រក​ចេញ-ចូល​របស់​កីឡដ្ឋាន​នៅ​​ទីក្រុង Basra ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីរ៉ាក់ នៅ​ពេល​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ព្យាយាម​ចូល​ទៅ​ខាង​ក្នុង​កីឡដ្ឋាន​។

ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខាងលើ​ អ៊ីរ៉ាក់​បាន​ឈ្នះ​អូម៉ង់ 3-2 និង​បាន​ក្លាយ​ជា​ជើង​ឯក​ Arabian Gulf Cup​ ជា​លើក​ដំបូង​រាប់​ចាប់​ពី​ឆ្នាំ 1988។

Arabian Gulf Cup​ ដែល​ជា​ពាន​រង្វាន់​​​បាល់​ទាត់​​សម្រាប់ 8 ប្រទេស​​នៅ​តំបន់​ឈូងសមុទ្រអារ៉ាប់ តែង​តែ​ធ្វើ​ឡើង​ 2 ឆ្នាំ​ម្ដង​។ Arabian Gulf Cup​ លើក​ចុង​ក្រោយ​នេះ​ត្រូវ​បាន​សម្ពោធ​បើក​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី 6 មករា 2023 ដោយ​មាន​ការ​ចូល​រួម​ពី​ប្រធាន FIFA លោក Gianni Infantino ផងដែរ៕

Advertisement