គ្រូបង្វឹក​ថ្មី​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្កាល់ ទៅជួប​ Cristiano Ronaldo

គ្រូបង្វឹក Roberto Martinez និង​កីឡាករ Ronaldo

សារព័ត៌មាន​អង់គ្លេស ថ្មីៗនេះ​បាន​ផ្សាយ​ថា គ្រូបង្វឹក Roberto Martinez របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្កាល់ បាន​ទៅ​​ជួប Ronaldo នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ពិភាក្សា​អំពី​អនាគត​របស់ CR7 នៅក្នុង​ក្រុម​ជម្រើសជាតិ។

ក្រោយ​បរាជ័យ​នៅ World Cup 2022 ពេល​ត្រូវ​ចាញ់​ម៉ា​រ៉ុ​ក​ត្រឹម​វគ្គ ¼ ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​បាន​ឆ្លងកាត់​ការប្រែប្រួល​ច្រើន​បន្ទាប់ពី​គ្រូបង្វឹក Fernando Santos ត្រូវបាន​បញ្ឈប់​ពី​តួនាទី​ក្រោយពី​បាន​ប្រឹងប្រែង​ជាមួយ​ក្រុម​អស់​ជាច្រើន​ឆ្នាំ។ ចំណែក​អនាគត​របស់ Cristiano Ronaldo ក៏បាន​ជួបនឹង​កាលៈទេសៈ​លំបាក​ច្រើន​ផងដែរ ក្រោយពី​លេង​មិនបាន​ល្អ​នៅ World Cup 2022 ដែល​ដើម​ហេតុ​អាច​បណ្ដាល​មក​ពី​មាន​ទំនាក់​ទំនង​មិន​សូវ​ល្អ​ជាមួយ​នឹង​គ្រូបង្វឹក​ Fernando Santos។

ក្រោយ​ការចាកចេញ​របស់​គ្រូបង្វឹក Fernando Santos ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​ក៏​រកបាន​មនុស្ស​មក​ជំនួស​ភ្លាម នោះ​គឺ Roberto Martinez ដែលជា​គ្រូបង្វឹក​បាន​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក បន្ទាប់ពី​បរាជ័យ​នៅ​កាតា​កាលពី​ឆ្នាំ 2022។

គ្រូបង្វឹក Roberto Martinez ចូលមកដឹកនាំក្រុមជម្រើសជាតិ ក្រោយពីគ្រូបង្វឹក Fernando Santos ត្រូវបានបញ្ឈប់ពីតួនាទី បន្ទាប់ពីព័រទុយហ្កាល់បានបរាជ័យនៅ World Cup 2022

បច្ចុប្បន្ន Ronaldo បាន​ចាក​ចេញពី Man United និង​កំពុង​លេង​ឱ្យ Al Nassr របស់​អារ៉ាប៊ីសាអូឌីត​ ហើយ​ទើបតែ​បាន​ប៉ះ Messi និង Mbappe របស់ PSG កាលពី​ម្សិលមិញ។ Daily Mail បង្ហើប​ឱ្យដឹងថា មុន​ការប្រកួត​នេះ Ronaldo បាន​ជួបពិភាក្សា​ជាមួយ​គ្រូបង្វឹក​របស់​ព័រទុយហ្កាល់។

ក្នុងជំនួប​នោះ គ្រូបង្វឹក Roberto Martinez បានបញ្ជាក់​អំពី​លទ្ធភាព​ដែល Ronaldo អាច​ចូលរួម​ប្រកួត​នៅ Euro 2024 ដែល​ពេលនោះ​នឹង​គាត់​មាន​អាយុ 41 ឆ្នាំ។ គ្រូបង្វឹក​រូបនេះ​ចង់ឱ្យ Ronaldo បន្ត​កាន់​តួនាទី​ជា​ប្រធាន​ក្រុម​កីឡាករ​​ជម្រើសជាតិ​នៅ​វគ្គ​ជម្រុះ​របស់ Euro 2024 ហើយ​បើ Ronaldo បានបង្ហាញ​សមត្ថ​ភាពល្អ គាត់​ប្រាកដជា​បាន​ទៅ​ចូលរួម​ប្រកួត​នៅ Euro 2024 មិន​ខាន៕

Advertisement