លោក Unsworth ស្រេកឃ្លាន​បង្ហាញ​ស្នាដៃ​ពេល​ប៉ះ Chelsea នៅ​រាត្រី​នេះ

លោក David Unsworth បាន​ស្នើសុំ​ធ្វើការ​ដឹកនាំ​ការប្រកួត​ក្នុង​ចំនួន​កំណត់​មួយ​ដើម្បី​បង្ហាញថា លោក​អាច​ធ្វើជា​អ្នកចាត់ការ​ទូទៅ​ដ៏​ស័ក្តិសម​បំផុត​របស់​ក្លិប Everton ក្នុង​ការចូល​ជំនួស​កន្លែង​របស់លោក Ronald Koeman ក្នុង​កិច្ចសន្យា​ជា​អចិន្ត្រៃយ៍។

លោក Unsworth ដែលជា​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមបាល់ទាត់​អាយុ​ក្រោម23ឆ្នាំ​របស់ Everton បាន​ចូលកាន់​តំណែង​ជា​បណ្តោះអាសន្ន​នៅឯ​កីឡដ្ឋាន Goodison Park ជា​លើក​ទី2 ក្រោយ​ការចាកចេញ​ពី​តំណែង​របស់លោក Koeman សញ្ជាតិ​ហូ​ឡង់។ គ្រូបង្វឹក​វ័យ44ឆ្នាំ​រូបនេះ បានប្រកាសថា លោក​ចង់បាន​ការងារ​នេះ និង​បាន​ចំណាយពេល​ប្រជុំ​ក្នុង​រយៈពេល​ដ៏​យូរអង្វែង​ជាមួយនឹង​លោក Bill Kenwright ដែលជា​ប្រធាន​ក្លិប ក្រោយពី​ការចាកចេញ​របស់លោក Koeman កាលពី​ថ្ងៃ​ចន្ទ។ មិនមាន​ពេលវេលា​ជាក់លាក់​ណាមួយ​ដែល​ត្រូវបាន​ដាក់​ទៅលើ​ការ​កាន់តំណែង​របស់លោក Unsworth ឡើយ បើទោះបី​លោក​បានធ្វើ​ការពិភាក្សា​ទៅលើ​ចំនួន​នៃ​ការប្រកួត កីឡាករ ក៏ដូចជា​គម្រោង​រយៈពេល​ខ្លី និង​វែង​ជាមួយនឹង​ប្រធាន​ក្លិប​របស់ Everton ក៏ដោយ។ ក្រុម Everton ត្រូវបាន​រំពឹងទុក​ថា នឹង​ផ្តល់​ពេលវេលា​ដល់​អតីត​ខ្សែការពារ​របស់​ពួកគេ​រហូតដល់​ថ្ងៃ​សម្រាក​សម្រាប់​ការប្រកួត​អន្តរជាតិ ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ​នៃ​ការដឹកនាំ​របស់លោក ហើយ​ការងារ​ដ៏​ចម្បង​របស់លោក​នឹង​ចាប់ផ្តើម​ជាមួយនឹង​ការប្រកួត​ពាន Carabao Cup នៅលើ​ទឹកដី​ក្រុម Chelsea នៅ​រាត្រី​នេះ។

នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​មុនពេល​ការប្រកួត​នៅ​រាត្រី​នេះ លោក Unsworth បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​បុរស​ដ៏​មាន​មោទនភាព​ម្នាក់​ដែល​បាន​អង្គុយ​នៅទីនេះ ដើម្បី​ត្រៀម​ដឹកនាំ​ក្រុម Everton នៅ​ថ្ងៃស្អែក។ វា​មិនមាន​បញ្ហា​នោះឡើយ​ថា ចំនួន​ការប្រកួត​ប៉ុន្មាន​លើក​ដែល​ខ្ញុំ​មាន​នោះ ខ្ញុំ​នឹង​ប្រើប្រាស់​រាល់​សមត្ថភាព​ទាំងអស់​ដែល​ខ្ញុំ​មាន»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 1:45ទៀបភ្លឺ៕

ប្រភពពី៖ The Guardian

Advertisement