ការ​ប្រកួត​ដំបូង​របស់ Ronaldo ក្នុង​អាវ Al Nassr ពេល​ប៉ះ Al Ettifaq នៅ Saudi Pro League 2022-2023

Ronaldo បាន​ទាត់​ក្នុង​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​នៅក្នុងអាវ​របស់​​ក្លឹប Al Nassr នៅ​អារ៉ាប៊ីសាអូឌីត ប៉ុន្តែវត្តមាន​របស់​គាត់​មិន​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពីទស្សនិកជន​បាន​ទាំង​អស់នោះ​ឡើយ​។

ក្រោយ​ការ​បញ្ចប់​ការ​ប្រកួត​មិត្ត​ភាព​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​នឹង​ PSG កំពូល​តារា​បាល់​ទាត់ Cristiano Ronaldo ក៏​បាន​ឈាន​ចូល​ដល់​ការ​ប្រកួត​ដំបូង​ក្នុង​អាវ​របស់ Al Nassr ហើយ​គូប្រជែង​របស់​ CR7 និង​ Al Nassr គឺ​ក្រុម Al Ettifaq។ គ្រាប់​បាល់​តែ​មួយ​គ្រាប់ដែល​ Al Nassr រក​បាន​ក្រោម​ថ្វី​ជើង​របស Talisca បាន​ជួយ​ឱ្យ​ Al Nassr បន្ត​រក្សា​បាន​តំណែង​កំពូល​តារាង​ចំណាត់ថ្នាក់​របស់​ពាន​រង្វាន់ជើង​ឯកថ្នាក់​ជាតិ​នៅអារ៉ាប៊ីសាអូឌីត​។

ការ​ប្រកួត​ដែល​មាន​វត្តមាន​ដំបូង​របស់ Ronaldo ធ្វើ​ឱ្យ​ក្រុម​អ្នក​គាំទ្រ​របស់ Al Nassr មាន​ការ​ត្រេក​អរ និង​អបអរសាទរ​យ៉ាង​ខ្លាំង​ក្លា​។ ប៉ុន្តែ នៅ​មាន​កីឡាករ​មួយ​រូប​ទៀត​របស់ Al Nassr ដែល​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ផងដែរ​នៅ​ក្នុង​ការ​ប្រកួត​នេះ​។

ជាក់ស្ដែង អ្នក​គាំទ្រ​មួយ​ក្រុម​បាន​បង្ហោះ​ប៉ោងប៉ោង​​ដែល​មាន​ចង​អាវ​របស់​អ្នក​ចាំទី David Ospina។ ក្នងរដូវ​កាល​នេះ​ Ospina គឺជា​មូលហេតុ​សំខាន់​ដែល​ជួយ​ឱ្យ​ Al Nassr ស្ថិត​នៅ​លើ​កំពូល​តារាង​ចំណាត់​ថ្នាក់ នៅ​ពេល​រក្សា​ទី​បាន​ស្អាត​នៅ​ក្នុង​ 7/14 ​ប្រកួត​។

ចំណែក Ronaldo វិញ បើ​ទោះ​រក​គ្រាប់​បាល់​មិន​ទាន់​បាន​ ប៉ុន្តែ​ក៏​ទទួល​បាន​ជោគ​ជ័យ​ក្នុង​​ការ​ប្រកួត​ដំបូង​របស់ Al Nassr។ បាល់​ដែល​គ្រោះ​ថ្នាក់​បំផុត​របស់ Ronaldo គឺ​ការ​ស៊ុត​ពិន័យ​ពី​ចម្ងាយ 25 ម៉ែត្រ។ Ronaldo ក៏​ប្លោង​គ្រាប់​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​​ទាត់​ក្បាច់​​វូ​ឡេ ប៉ុន្តែ​ខ្ពស់​ហួស​ទី​ និង​ឈុត​​ស៊ុត​​ប៉ើង​អ្នក​ចាំទី​ប៉ុន្តែ​មិន​បាន​សម្រេច​។

Al Nassr រក​បាន​ 1 គ្រាប់​នៅ​នាទីទី 31 នាំ​ឱ្យ Al Nassr ឈ្នះ Al Ettifaq 1-0។ បន្ទាប់​ពី Ronaldo តែត​ខុស​បាល់​ពិន័យ​ពី​ស្លាប​ខាង​ឆ្វេង​ Anderson Talisca ក៏​តែត​បន្ត​បាន​ជោគ​ជ័យ​។ នេះ​គឺជា​គ្រាប់​បាល់​ទី 12 របស់ Talisca រាប់​ចាប់​ពី​ដើម​រដូវ​កាល Saudi Pro League 2022-2023។

Al Nassr បន្ត​នាំមុខ​គេ​​ក្រោយ​ពី​បាន​ឈ្នះ​ Al Ettifaq។ ពាន់​រង្វាន់បាល់​ទាត់ Saudi Pro League មាន​ 16 ក្រុម​ចូល​រួម​ និង​ត្រូវ​ទាត់ 30 ជុំ។

ថ្ងៃទី 26 មករា Al Nassr នឹង​ត្រូវ​ប៉ះ Al-Ittihad នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​របស់​ Saudi Super Cup។ Al Hilal នឹង​ប៉ះ Al Fayha ក្នុង​គូ​ដែល​នៅសល់​របស់វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 29 មកា 2023​។

ក្រុម​ Al Nassr រក​បាន​ 1 គ្រាប់​ដែល​មិន​មែន​ជា​ថ្វី​ជើង​របស់ Ronaldo នៅ​នាទីទី 31 នាំ​ឱ្យ Al Nassr ឈ្នះ Al Ettifaq 1-0 នៅ Saudi Pro League កាល​ពី​ថ្ងៃទី 22 មករា 2023

ក្នុង​រដូវ​កាល 2022-2023 Al Nassr ក៏​ចូល​រួម​ប្រកួត​នៅ King Cup ផងដែរ​។ ពួកគេ​នឹងប៉ះ Abha ក្នុង​វគ្គ 4 ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃទី 14 មីនា​។ បើ​សិន​ដណ្ដើម​បាន​ពាន​ជើង​ឯក Saudi Pro League ឬ King Cup ក្រុម​របស់ Ronaldo នឹង​បាន​ឡើង​ទៅ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់ AFC Champions League រដូវកាល​ក្រោយ​៕

Advertisement