ព្រឹត្តិការណ៍​បាល់ទាត់​​ធំៗ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង​ឆ្នាំ 2023

សម្រាប់​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ឆ្នាំ 2022 គឺជា​ឆ្នាំ​ដែល​ទាក់ទាញ​បំផុត ដោយមាន​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup។ ឆ្នាំ 2023 ពុំមាន​ព្រឹត្តិការណ៍​ធំ​បំផុត​លើ​ពិភពលោក ឬ នៅ​អឺរ៉ុប ប៉ុន្តែ ឆ្នាំនេះ​នឹងមាន​ព្រឹត្តិការណ៍​អស្ចារ្យ​ និង​គួរ​ចាប់អារម្មណ៍​ដទៃទៀត។ ខាងក្រោម​នេះ​គឺជា​ព្រឹត្តិការណ៍​គួរឱ្យ​ទន្ទឹងរង់ចាំ​ទាំង 6 ក្នុង​វិស័យ​បាល់ទាត់​របស់​ពិភពលោក។

1-FIFA Club World Cup

តាម​ធម្មតា ពានរង្វាន់​ជើងឯក​បាល់​ទាត់​របស់​ម្ចាស់​ជើងឯក​មកពី​បណ្ដា​ទ្វីប​នៅលើ​ពិភពលោក​នឹងត្រូវ​ធ្វើឡើង​នៅ​ចុងខែ​ធ្នូ។ ប៉ុន្តែ ដោយសារតែ​វត្តមាន​របស់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 ទើប Club World Cup ត្រូវបាន​កំណត់ឱ្យ​ប្រព្រឹត្តទៅ​នៅ​ដើមឆ្នាំ 2023 វិញ។ FIFA Club World Cup ឆ្នាំ 2023 នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 01 ដល់ 11 កុម្ភៈ​នៅ​ម៉ា​រ៉ុ​ក ដោយមាន​ការចូលរួម​ប្រកួត​របស់​ក្រុមបាល់ទាត់​ចំនួន 7 មក​ពី​​សហព័ន្ធ​បាល់​ទាត់​ចំនួន 6 លើ​ពិភពលោក។

ឈ្មោះ​ក្រុម​ម្ចាស់​ជើងឯក​ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ FIFA Club World Cup ឆ្នាំ 2023 រួមមាន Real Madrid (អេ​ស្ប៉ា​ញ), Flamengo (ប្រេ​ស៊ី​ល), Seattle Sounders (សហរដ្ឋ​អាម៉េរិក), Auckland City (នូ​វែ​ល​សេ​ឡង់), Al Hilal (អា​រ៉ា​ប៊ី​សា​អូឌីត), Wydad Casablanca (ម៉ា​រ៉ុ​ក) និង Al Ahly (អេ​ហ្ស៊ី​ប)។

2-វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

តាម​ធម្មតា ព្រឹត្តិការណ៍​បាល់ទាត់​នេះ​ហាក់​មិនសូវ​ត្រូវបាន​ចាប់អារម្មណ៍​ខ្លាំង ព្រោះថា វា​គ្រាន់តែ​ជា​ពានរង្វាន់​លំដាប់​ទី​ពីរ​របស់​ទ្វីបអឺរ៉ុប។ ក៏ប៉ុន្តែ Europa League 2022/2023 មាន​ចំណុច​ពិសេស​ជាងគេ​នៅពេល​មាន​វត្តមាន​របស់​ក្រុមបាល់ទាត់​លំដាប់កំពូលៗនៅ​អឺរ៉ុប មានដូចជា Man United, Barcelona, Juventus និង Ajax ជាដើម។

នៅ​ចំពោះមុខ ក្នុង​ខែកុម្ភៈ​ខាងមុខ​នឹងមាន «ការប្រកួត​ផ្ដាច់ព្រ័ត្រ​សាកល្បង» រវាង Barcelona និង Manchester United។ ការប្រកួត​ផ្ដាច់ព្រ័ត្រ​ផ្លូវការ​នឹងត្រូវ​ធ្វើឡើង​ក្នុង​ថ្ងៃទី 31 ឧសភា នៅ​កីឡដ្ឋាន Puska ប្រទេស​ហុង​គ្រី។

3-វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ Champions League

វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​តែងតែ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវបាន​ទន្ទឹងរង់ចាំ​បំផុត​ជា​រៀងរាល់ឆ្នាំ។ នៅ​ខែកុម្ភៈ​ខាងមុខ Champions League ដែលជា​ពានរង្វាន់​បាល់ទាត់​លំដាប់​លេខ​មួយ​នៅ​អឺរ៉ុប នឹងមាន​ការប្រកួត​វគ្គ 1/8។ វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ពាន​រង្វាន់​ Champions League នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 10 មិថុនា​នៅ Olympic Ataturk ប្រទេស​តួ​ក​គី។

4-UEFA Nations League

ឆ្នាំនេះ Nations League ដែលជា​ពាន​រង្វាន់​បាល់​ទាត់​អន្តរជាតិ​របស់សហភាពសហព័ន្ធបាល់ទាត់អឺរ៉ុប (Union of European Football Associations-UEFA) ប្រាកដជា​នឹងមាន​វត្តមាន​របស់​ម្ចាស់​ជើងឯក​ថ្មី​សន្លាង បន្ទាប់ពី​អតីត​ម្ចាស់​ជើងឯក​ព័រទុយហ្កាល់ និង​បារាំង​សុទ្ធតែ​ត្រូវបាន​ជម្រុះ។ តំណាង 4 ក្រុម​ដែល​នឹងមាន​វត្តមាន​នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចាប់ពី​ថ្ងៃទី 14 ដល់ 15 មិថុនា នឹង​រួមមាន ក្រុម​អេ​ស្ប៉ា​ញ ក្រូ​អាត អ៊ីតាលី និង​ហូ​ឡង់។ វគ្គ​ផ្ដាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 18 មិថុនា 2023។

5-AFC Asian Cup 2023

តាម​ផែនការ​ដំបូង ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ជើងឯក​អាស៊ី នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 16 មិថុនា រហូតដល់ 17 កក្កដា នៅ​ប្រទេស​ចិន។ ក៏ប៉ុន្តែ ប្រទេស​នេះ​បាន​ដកខ្លួន​វិញ​ដោយសារ​កូ​វីដ-19 ហើយ​កាតា​ត្រូវបាន​ប្រកាសថា នឹង​ធ្វើជា​ម្ចាស់ផ្ទះ AFC Asian Cup 2023។

AFC Asian Cup 2023 ប្រហែលជា​នឹងត្រូវ​យកទៅ​ប្រារព្ធ​នៅ​ចុង​ឆ្នាំនេះ ដោយសារតែ​អាកាសធាតុ​ក្នុង​រដូវក្ដៅ​នៅ​កាតា មាន​សភាព​ក្ដៅ​ខ្លាំង។

6- FIFA Women’s World Cup 2023

ឆ្នាំនេះ ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​ជើងឯក​នារី​ពិភពលោក​នឹងត្រូវ​ធ្វើឡើង​នៅ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ចាប់ពី​ថ្ងៃទី 20 កក្កដា ដល់ 20 សីហា 2023៕

Advertisement