Messi, Neymar, Mbappe និង​ក្រុម​ PSG ទៅ​មើល​​​មជ្ឈមណ្ឌល​ហ្វឹកហាត់​ថ្មី (វីដេអូ)

ថ្មីៗនេះ ក្រុម​កីឡាករ​បាល់ទាត់​របស់​ក្លឹប PSG ដែលមាន Messi, Neymar, Mbappe ជាដើម បាន​ជួបជុំគ្នា និង​ធ្វើដំណើរ​ទៅ​មើល​មជ្ឈមណ្ឌល​ហ្វឹកហាត់​ថ្មី​របស់​ពួកគេ ដែល​នឹង​សង់​រួច​រាល់​នៅ​ឆ្នាំ​ក្រោយ​។

កាលពី​ថ្ងៃទី 26 មករា Messi បាន​ត្រលប់​មកកាន់​ក្លឹប PSG ក្រោយ​ការសម្រាកលំហែ​កាយ​រយៈ​ពេល​ខ្លី​ជាមួយ​គ្រួសារ​នៅ​ប្រទេស​ស្វ៊ី​ស។ Messi គ្រោង​នឹង​ត្រលប់​ទៅ​​ចូល​រួម​ការ​ប្រកួត​រវាង PSG និង Reims នៅ Ligue 1 ក្នុង​ថ្ងៃ​ទី 30 មករា​ខាងមុខ។

មុន​នោះ Lionel Messi រួម​នឹង​ប្រធាន Al-Khelaifi និង​សមាជិក​ទាំងអស់​របស់ PSG បាន​រួម​​​ដំណើរ​ទៅធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​ថ្មី​របស់​ក្លឹប ដែល​នឹងត្រូវ​ប្រគល់ឱ្យ​ពួកគេ​ចាប់ពី​រដូវ​កាល 2023-2024។

មជ្ឈមណ្ឌល​ហ្វឹកហាត់​ថ្មី​របស់ PSG ត្រូវបាន​ហៅថា Campus PSG ដែលមាន​ចម្ងាយ​ពី​មជ្ឈមណ្ឌល​ចាស់ Camp des Loges ប្រហែល 8 គីឡូម៉ែត្រ។ ទីនេះ​មាន​ទំហំ​ធំ​ជាង 74 ហិកតា ក្នុងនោះ​មាន​អគារ​ទំហំ 10,000 ម៉ែត្រក្រឡា សម្រាប់​​ក្រុម​កីឡាករ​។ ក្រោយ​ពីនេះ Campus PSG ក៏មាន​ទីលាន​ហ្វឹកហាត់​ចំនួន 17 និង​បន្ទប់​ប្រណិត​ចំនួន 43 សម្រាប់​កិច្ចប្រជុំ​មុន​ការប្រកួត។

យោងតាម PSG នេះ​គឺជា​ទីតាំង​ដែល​មិនមាន​កន្លែង​ណា​ល្អ​ជាង សម្រាប់​បម្រើ​ដល់​ការបណ្ដុះបណ្ដាល និង​លើកកម្ពស់​ប្រសិទ្ធភាព​ក្រុម និង​បុគ្គល។ ខាងក្នុង​បន្ទប់​ទាំងឡាយ​នឹងត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​បំផុត​ដើម្បី​ជួយ​ឱ្យ​កីឡាករ​យក​កម្លាំង​មកវិញ និង​លើកកម្ពស់​សុខភាព​រាង​កាយ​ក្រោយ​ការ​ប្រកួត​ម្ដងៗ។

ដោយមាន​មជ្ឈមណ្ឌល​ហ្វឹកហាត់​ថ្មី​នេះ Paris Saint-Germain សង្ឃឹមថា គុណភាព​នៃ​ការហ្វឹកហាត់​របស់​ពួកគេ​នឹង​បាន​ប្រសើរឡើង។

Campus PSG ត្រូវបាន​រៀប​គម្រោង​សាងសង់​តាំងតែ​ពី​ក្លឹប PSG បាន​​ធ្លាក់​ទៅលើ​ដៃ Qatar Sport Investment។ ម្ចាស់​ក្លឹប​នៅ​ប្រទេស​កាតា បាន​ចំណាយ​ប្រាក់​អស់​ 300 លាន​អឺរ៉ូ និង​ចំណាយពេល​ជិត 4 ឆ្នាំ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ហ្វឹក​ហាត់​ Campus PSG ដែល​គ្រោង​នឹង​ស្ថាបនា​​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ 2024៕

Advertisement