កាយវិការ​ចំអក​របស់​អ្នកចាំទី​អា​ហ្ស​ង់​ទីន ធ្វើឱ្យ FIFA សម្រេចចិត្ត​កែប្រែ​ច្បាប់​ពិន័យ

ស្ថាប័ន​គ្រប់គ្រង​វិស័យ​បាល់ទាត់​ពិភពលោក FIFA នឹង​បញ្ចេញ​គោលការណ៍​ថ្មី​ដើម្បី​ទប់ស្កាត់​អ្នកចាំទី​ប្រើ​ក្បាច់ «ចំអក» ធ្វើឱ្យ​គូប្រជែង​បែក​អារម្មណ៍ ក្រោយពី​មាន​ភាពចម្រូងចម្រាស​ប​ន្ទា​ប់​ពី​កីឡាករ Emiliano Martinez បាន​បង្កឡើង​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 រវាង​អា​ហ្ស​ង់​ទីន និង​បារាំង។

ក្នុង​យុទ្ធនាការ​ដណ្ដើមពានរ​ង្វាន់​ជើងឯក World Cup 2022 អ្នកចាំទី Emiliano Martinez គឺជា​កីឡាករ​លេចធ្លោ​នៅក្បែរ Lionel Messi។ អ្នកចាំទី​របស់​ក្លឹប Aston Villa នេះ​បានបង្ហាញ​សមត្ថភាព​របស់ខ្លួន​ក្នុង​សំណាញ់​ទី ពិសេស​នៅក្នុង​ការ​ស៊ុត 11 ម៉ែត្រ ដែល​បាន​ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​ក្លាយជា​ជើងឯក ក្រោយ​ការរង់ចាំ​អស់ 36 ឆ្នាំ។

អ្នកចាំទី Emiliano Martinez គឺជា​វីរបុរស​របស់​ប្រជាជន​អា​ហ្ស​ង់​ទីន ប៉ុន្តែ​ក៏​ជា «បន្លា» ក្នុង​ភ្នែក​របស់​អ្នកគាំទ្រ​ជាច្រើន ក្នុងនោះ​ក៏មាន​បារាំង​ផងដែរ។ ក្រោយពី​ដណ្ដើមបាន​ពាន World Cup 2022 អ្នកចាំទី​រូបនេះ​បាន​បញ្ចេញ​កាយវិការ​ចំអក​ឱ្យ Mbappe នាំឱ្យមាន​ការរិះគន់​ច្រើន​នៅពេលនោះ។

ជាង​នេះ អ្នកចាំទី Emiliano Martinez ថែមទាំង​បាន​អបអរ​ជ័យជម្នះ​នៅពេល​ខ្លួន​ទទួលបាន​ពាន​ស្រោមដៃ​មាស​សម្រាប់​អ្នកចាំទី​ឆ្នើម​បំផុត​នៅ World Cup 2022 ដោយ​ការយក​ស្រោមដៃ​មាស​នេះ​ដាក់​ពីមុខ «របស់​ពិសេស» នៅ​ចំពោះមុខ​ទស្សនិកជន​រាប់ម៉ឺន​នាក់។

ទោះជា​យ៉ាងនេះ​ក៏ដោយ គេ​នៅតែ​មិនអាច​បដិសេធ​សមត្ថ​ម​ភាព​ចាប់​បាល់​ពិន័យ 11 ម៉ែត្រ​របស់​អ្នកចាំទី Emiliano Martinez រូបនេះ។ គាត់​បាន​ជួយសង្គ្រោះ​អា​ហ្ស​ង់​ទីន។ ក្រោយ​ការ​ស៊ុត​របស់​កីឡាករ​បារាំង អ្នក​ចាំ​ទី​ Martinez ចេះតែ​ទាត់​បាល់​ឱ្យចេញ​ឆ្ងាយ​ពី​ចំណុច 11 ម៉ែត្រ ដើម្បី​ដាក់​សម្ពាធ​លើ​កីឡាករ​ជា​គូប្រជែង។ អ្នកចាំទី​រូបនេះ​ក៏​ត្រូវបាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង​បន្ទាប់ពី​​បាល់​ពិន័យ​គ្រាប់​ទី​បី​របស់​បារាំង ដោយសារតែ​បង្ក​ភាព​តានតឹង​ដាក់ Tchouameni ជា​បន្តបន្ទាប់។

យោងតាម The Sun ឥរិយាបថ​ដូច​ករណី​អ្នកចាំទី Emiliano Martinez ទំនងជា​នឹងត្រូវ​ FIFA ពិនិត្យឡើងវិញ។ FIFA កំពុង​ត្រៀម​បញ្ចេញ​គោលការណ៍​ថ្មី​ដើម្បី​ហាម​អ្នកចាំទី​បញ្ចេញ​ឥរិយាបថ​បង្កហេតុ​ដាក់​គូប្រជែង​នៅពេល​ទាត់​បាល់​ពិន័យ។ កន្លងមក អ្នកចាំទី Emiliano Martinez បាន​ប្រើប្រាស់​ចំណុច​នេះ​បាន​យ៉ាង​ល្អ នៅមុន​ការត្រៀម​ចាប់​បាល់​ពិន័យ​ម្ដងៗ ​ក្នុងពេល​លេង​ឱ្យ​ក្លឹប Aston Villa និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន។

FIFA នឹង​អនុម័ត​គោលការណ៍​ថ្មី​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ពួកគេ​ដែល​នឹង​ធ្វើឡើង​ក្នុង​ខែមីនា​ខាងមុខ មុនពេល​​មាត្រា​ថ្មី​​នេះ​ត្រូវបាន​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​ក្នុង​ច្បាប់​បាល់ទាត់។ គោលការណ៍​ថ្មី​ទាំងនេះ​ក៏​អាច​ទប់ស្កាត់​អ្នកចាំទី​រាំរែក ឬ​បញ្ចេញ​កាយវិការ​នានា​ដែល​អាចជា​សម្ពាធសម្រាប់​គូ​ប្រកួត​ ព្រោះថា ប្រការ​នោះ​ក៏​ត្រូវបាន​ចាត់ទុកថា​ជា​សកម្មភាព​បំបែក​អារម្មណ៍៕

អ្នកចាំទី Emiliano Martinez គឺជាវីរបុរសរបស់ប្រជាជនអាហ្សង់ទីន

Advertisement