ង៉ែត្រ រដ្ឋាសង្ឃឹមតិច ណាស់ក្នុងការឈ្នះថៃ ក្នុងវគ្គ ដំបូង​ នៃ​ជម្រុះ​សន្សំ​ពិន្ទុ​ ខ្សែ​ក្រវាត់រដូវកាល​ទី ៣

រដូវកាល​ទី ៣ ក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ មួយនៅសង្វៀនប្រដាល់អាស៊ីអាគ្នេយ៍ (SEATV) នឹង​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ស្អែកនេះហើយដោយវគ្គ ​ដំបូង​នៃ​ជម្រុះ​សន្សំ​ពិន្ទុ​នោះ អ្នកប្រដាល់ ង៉ែត្រ រដ្ឋា របស់​កម្ពុជា នឹងត្រូវ​ប៉ះជើង​ខ្លាំង​របស់​ថៃ Loom Leng ។

ង៉ែត្រ រដ្ឋា ជា​កីឡាករ​មាន​ស្នៀត​ទាត់ និង​ជង្គង់​ល្អ រឹងមាំ និងអាច​វាយ​ធានា ៥ ទឹក​បានល្អ ហើយ​មួយរយៈ​ចុងក្រោយ​នេះ គេ​ប្រឹងប្រែង​ហ្វឹកហាត់ និងធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ស្រាបៀរ​កម្ពុជា​ពីគង់ សំបូរ មក​គ្រប់គ្រង​ផងដែរ​ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម​នេះ។ ង៉ែ​ត្រ រដ្ឋា មកពី​ក្លិប​តាព្រហ្ម​មានជ័យ និង​ប្រកួត​បាន​ចំនួន ៧២ លើក ឈ្នះ ៦១ លើក ចាញ់ ៨ លើក និង​ស្មើ ៣ លើក។

សមត្ថភាព​វិជ្ជាគុន និង​កម្លាំង​របស់​កីឡាករ​ថៃ មាន​ប្រៀប​ជាង​កីឡាករ​កម្ពុជា ហើយ​កីឡាករ​កម្ពុជា ត្រូវបាន​គេ​រំពឹងទុក​ថា មាន​ភាគរយ​ឈ្នះ​តិច​ណាស់។ ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​បច្ចេកទេស​គណៈកម្មការ​ផ្គូផ្គង​សង្វៀន SEATV បាន​អះអាង​ថា៖ «សមត្ថភាព​រវាង​កីឡាករ​កម្ពុជា និង​ថៃមាន​ភាព​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​អ្វីដែល​មតិ​លើក​ឡើង​ថា កីឡាករ​កម្ពុជា​ចាញ់​ប្រៀប​ថៃ​នោះ អាច​ទាក់ទង​ទៅនឹង​ផ្នែក​កម្លាំង​ដែល​បណ្តាល​មកពី​ការហ្វឹកហាត់​មិនបាន​ដិត​ដល់​ប៉ុណ្ណោះ»។

ប្រភពដ៍ដែរបន្តថា៖ ប្រសិន​ជាង៉ែត្រ រដ្ឋា ​ហ្វឹកហាត់​ល្អ ប្រកួត​អស់ពី​សមត្ថភាព​វិញ កីឡាករ​កម្ពុជា​ក្នុង​ទម្ងន់​ស្មើគ្នា មិន​ងាយ​នឹង​ឈ្នះ​គេទេ ប៉ុន្តែ កីឡាករ​រូបនេះ​ធ្លាប់​មាន​ប្រវត្តិ​វាយ​មិន​អស់​សមត្ថភាព។ ដោយ​ឡែក Loom Leng មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន ៦៨ លើក ឈ្នះ ៥៦ លើក ចាញ់ ១១ លើក និង​ស្មើ ១ លើក ហើយ​ក្នុង​ការប្រកួត​កំដៅ​សាច់ដុំ​កាលពី​សប្តាហ៍​មុន រូបគេ​បានសុំ​ចុះចាញ់​សូត្រ ប៊ុនធី ក្នុង​ទឹកទី ៣។

ជាមួយគ្នានេះដែល បើអ្នកវិភាគប្រដាល់តាមហាងការហ្វេបានលើកឡើងថា៖ «យើង​មិនអាច​ទស្សន៍ទាយ​ឲ្យ​ប្រាកដ​មុនបាន​ទេពី​លទ្ធផល​ប្រកួត​នោះ ប៉ុន្តែ​តាមរយៈ​ការហ្វឹកហាត់ ខ្ញុំ​គិតថា Loom Leng មាន​ប្រៀប​ឈ្នះ​ង៉ែត្រ រដ្ឋា ៧០ ភាគរយ»៕

Advertisement