គ្រាប់បាល់ដ៏អស្ចារ្យរបស់ Rashford ជួយឲ្យ Man Utd ខិតកាន់តែកៀកទៅវគ្គផ្តាច់ព្រ័ត្រ

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​ក្នុង​តង់​ទី​២​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Marcus Rashford មាន​ន័យ​ថា ក្រុម​បិសាច​​ក្រហម Manchester United នឹង​នាំ​​យក​ការ​នាំ​មុខ​ក្នុង​លទ្ធ​ផល ១-០ ទៅកាន់​ការ​ប្រកួត​​ក្រប​ខ័ណ្ឌ Europa League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​២ ពេល​ជួប​​ក្រុម Celta Vigo នៅ​សប្តាហ៍​ក្រោយ​។

ការ​ស៊ុត​បាល់​ពិន័យ Free-kick បញ្ចូល​ទី​​យ៉ាងល្អ​​នៅនាទី ទី​៦៧​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​រូប​នេះ បាន​កើត​ឡើង ក្រោយ​ពី​ក្រុម Man United បាន​ខ្ជះ​ខ្ជាយឱកាស​ជាច្រើន​​ក្នុង​ការ​ប្រកួត​នា​កីឡដ្ឋាន Estadio de Balaidos កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ កីឡាករ Rashford, Henrikh Mkhitaryan និង Jesse Lingard សុទ្ធ​សឹង​ទទួល​បាន​ឱកាស​ដ៏​ល្អ​ក្នុង​ការ​រក​គ្រាប់​បាល់​នៅមុន​ពេល​បញ្ចប់​តង់​ទី​១ ប៉ុន្តែ អ្នក​ចាំ​ទី Sergio​ Alvarez បាន​​សង្គ្រោះ​បាល់​ដ៏ល្អ​ជាច្រើន​ដើម្បី​​​ជួយ​ដល់​ក្រុមម្ចាស់​ផ្ទះ​។ ក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ La Liga មួយ​នេះ គួរ​តែ​មាន​គ្រាប់​បាល់​នាំ​មុខ​មុន ក្នុង​តង់​ទី​១ ប៉ុន្តែ កីឡាករ Daniel Wass បាន​តែត​បាល់​មិន​ផុត​ដៃ​របស់​​អ្នក​ចាំ​ទី Sergio Romero​។

ការ​ស៊ុត​បាល់​ពិន័យ Free-kick បញ្ចូល​ទី​​យ៉ាងល្អ​របស់ Rashford គ្រប់​​គ្រាន់​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម ធ្វើ​ដំណើរ​ទៅកាន់​​​កីឡដ្ឋាន Old Trafford ជាមួយ​នឹង​គ្រាប់​បាល់​នាំ​មុខ​ក្រៅ​ដី​ដ៏សំខាន់​មួយ​គ្រាប់​។ លោក Jose Mourinho ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់ Man United បាន​កោត​សរសើរ​កីឡាករ​វ័យ​ក្មេង​របស់​លោក ដែល​បាន​​បំពេញ​​តួនាទី​យ៉ាង​​ល្អ​ក្នុង​ពេល​អវត្ត​មាន​ខ្សែ​ប្រយុទ្ធ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​គឺ Zlatan Ibrahimovic  ដោយ​សារ​តែ​បញ្ហា​របួស​ជង្គង់​។ លោក Mourinho បាន​ឲ្យ​ដឹង​ថា៖ «រូប​​គេ​ជា​ក្មេង​​វ័យ​១៩​ឆ្នាំ​ម្នាក់​ដែល​ស្រឡាញ់​កីឡា​បាល់​ទាត់​។ រូប​គេ​ខិត​ខំ​ធ្វើ​ការ មាន​ភាព​​ចាស់​ទុំ ហើយ​​មិន​ថា រូប​គេ​មាន​វ័យ​ក្មេង​ក៏​ដោយ ប៉ុន្តែ គេ​មាន​កម្រិត​លេង​ដ៏អស្ចារ្យ​»​៕

ប្រភព​ពី៖ Mirror

Advertisement