រសៀលនេះ អ៊ុំ ចំរើន នឹង បង្ហាញវត្តមាន នៅសង្វៀនSEATV ក្រោយខកខាតទៅប្រកួតដណ្ដើម ខែក្រវ៉ាត់ ពិភពលោក

បន្ទាប់ពីរត់ឯកសារផ្លូវច្បាប់មិនទាន់ ក្នុងការចេញទៅប្រកួតដណ្ដើមខ្សែក្រវ៉ាត់ កម្រិតពិភពលោកនៅប្រទេសថៃ កាលពីខែមេសា កន្លងទៅថ្មីៗនេះ អ្នកប្រដាល់អ៊ុំ ចំរើន នឹងបង្ហាញវត្តមានរបស់ខ្លួន នៅសង្វៀន ប្រដាល់ ​អាស៊ីអាគ្នេយ៍ (SEATV) ក្នុងជំនួប ប្រកួតសងសឹកជាមួយនឹងកីឡាករថៃ Super Chhai ដែល​ធ្លាប់​ឈ្នះ​លើ​កីឡាករ​ខ្មែរ​ជាច្រើន​នាក់ នារសៀលថ្ងៃសុក្រនេះ ។

អ្នកគ្រប់គ្រង​ប្រកួត​នៅ​សង្វៀន SEATV លោក​ញាណ សុធី បាន​និយាយថា៖ «អ៊ុំ ចំរើន ជាអ្នក​ប្រដាល់​ចិត្តធំ ហ៊ាន​វាយប្តូរ​ជាមួយ​ដៃគូ​ប្រកួត​ដោយ​មិន​ញញើត ហើយ​បច្ចុប្បន្ន​កំពុង​តែមាន​ប្រៀប​ដោយវ៉ៃ​ដៃគូ​ប្រកួត​ឲ្យ សន្លប់​ ញឹកញាប់ ហេតុនេះ​ស្របពេល​ដែល​ដាក់​ឲ្យជួប Super Chhai ដើម្បី​សងសឹក​គ្នា ដែល​ពិតជា​ល្អមើល»។

ចំរើន បាន​និយាយថា៖ «ខ្ញុំ​សង្ឃឹម​ច្រើន ប៉ុន្តែ​រឿង​ឡើង​សង្វ្រៀន ដឹងតែ​វាយ​ហើយ ឯ​រឿង​ចាញ់ ឬឈ្នះ មិនអាច​និយាយ​មុន​បានទេ»។ «Super Chhai លំបាក​ប្រកួត​ណាស់​ពីព្រោះ​គេវាយ​ដកថយ​ចាំតែ​ស្រង់​តែ​ពិន្ទុ។ បើគេ​ហ៊ាន​វាយ​មិន​ដកថយ ខ្ញុំ​សង្ឃឹម​ឈ្នះ ៨០ ភាគរយ»។

Super Chhai ធ្លាប់​ឈ្នះ និង​ធ្លាប់ស្មើ​ជាមួយ​ឡុង សុភី, រឿង សោភ័ណ្ឌ និង​ជើង​ខ្លាំង​កម្ពុជា​ជាច្រើន​ទៀត ប៉ុន្តែ​សម្រាប់​ការជួប​ជាមួយ​អ៊ុំ ចំរើន កន្លងមក​នោះ រូបគេ​បានចាញ់​ក្នុង​លក្ខណៈ​ប្រផិត​ប្រផើយ។

Super Chhai មានភាព​រឹងមាំ ប៉ុន្តែ មិន​សូវ​ក្លាហាន​ក្នុងការ​ចូល​វាយ​សម្រុក​នោះទេ ប៉ុន្តែ ទោះជា​យ៉ាងណា​សម្រាប់​កម្រិត​វិជ្ជា​គុន ពួកគេ​ទាំងពីរ​មាន​ប្រៀប​ឈ្នះ​លើគ្នា​ម្យ៉ាង​ម្នាក់ ពីព្រោះ​អ៊ុំ ចំរើន ជំនាញ​កណ្តាប់ដៃ និងទាត់​ឆ្ងាយ និង​ហ៊ាន​វាយប្តូរ ចំណែក Super Chhai វិញ ជំនាញ​ឱប​ឡើង​ជង្គង់ និងមាន​ភាព​អំណត់​មិនចូល​វាយ​ដៃគូ​ទេ ដោយ​ភាគច្រើន​ចូល​វាយ​ស្រង់​យក​ពិន្ទុ។

ទោះជា​យ៉ាងណា អ្នកស្សនា​ប្រដាល់​ភាគ​ច្រើន​នៅ​ភ្នំពេញ មាន​ជំនឿថា កីឡាករ Super Chhai មាន​ប្រៀប​ឈ្នះ​អ៊ុំ ចំរើន ច្រើន។  Super Chhai មាន​ប្រវត្តិ​ប្រកួត​នៅ​ស្រុក​ខ្មែរ​ចំនួន ១៨ លើក ឈ្នះ ១១ លើក ស្មើ ២ លើក និង​ចាញ់ ៣ លើក៕

Advertisement