Khedira ស្ថិតក្នុងអារម្មណ៍ស្ងប់ ខណៈ Juventus រំពឹងរកការឈ្នះពាន Serie A ពេលប៉ះ Torino

ខ្សែ​បម្រើ​ជើង​ចាស់ Sami Khedira បាន​អំ​ពាវ​នាវ​ឲ្យ​ក្រុម​ខ្លួន​ស្ថិ​តក្នុង​ការ​ផ្តោត​អារម្មណ៍ ខណៈ​ដែល​ក្រុម​សេះ​បង្កង់ Juventus សម្លឹង​រក​ការ​ឈ្នះ​ពាន​ពាន Serie A ជា​កំណត់ត្រា​​នៅ​ថ្ងៃ​​សៅរ៍​នេះ តាមរយៈ​ការ​ដណ្តើម​យក​ជ័យ​ជម្នះ​លើ​​​ក្រុម​ស្ថិ​តក្នុង​ទីក្រុង​តែ​មួយ Torino​។

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​​របស់​ក្រុម Juventus នៅ​ថ្ងៃ​សៅរ៍​នេះ បូក​រួម​ទាំង​ការ​បរា​ជ័យ​របស់​ក្រុម Roma នៅ​លើ​ទឹក​ដីក្រុម AC Milan នៅ​ថ្ងៃ​អាទិត្យ នឹង​​ធ្វើ​ឲ្យ​ក្រុម​​​ម្ចាស់​ជើង​ឯក​​មួយ​នេះ នាំ​មុខ​​១២​ពិន្ទុ​ដាច់ ខណៈ​ដែល​នៅ​សល់​៣​ប្រកួត​ទៀត​នៅ​​រដូវ​កាល​នេះ​។ ប៉ុន្តែ Khedira បាន​​និយាយ​ថា​ ការ​ឈ្នះ​ពាន Serie A ជា​លើក​ទី​៦​ជាប់​ៗ​គ្នា គ្រាន់​តែ​​ការ​បោះ​​ជំ​ហាន​មួយ​ឆ្ពោះ​ទៅមុខ​មួយ​ប៉ុណ្ណោះ ខណៈ​ដែល​រូប​គេ​សង្ឃឹម​ថា ក្រុម Juventus នឹង​ឈ្នះ​ពាន​បី​ក្នុង​រដូវ​កាល​តែ​មួយ ជា​លើក​ដំបូង ក្នុង​រយៈ​ពេល​៧​ឆ្នាំ ក្រោយ​​​ពី​លោក Jose Mourinho សម្រេច​បាន​នូវ​សមិទ្ធ​ផល​នេះ​ជាមួយ​នឹងក្លិប Inter Milan កាល​ពីឆ្នាំ​២០១០​។ ក្រុម​ម្ចាស់​ជើង​ឯក​របស់​អ៊ី​តាលី​៣២​សម័យ​កាល​មួយ​នេះ នឹង​ត្រូវ​ជួប​ក្រុម Lazio ក្នុង​ការ​ប្រកួត​ពាន Italian Cup វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ខែ​ក្រោយ ហើយ​ក្រោយ​ពី​ដណ្តើម​បាន​ជ័យ​ជម្នះ ២-០ លើ​ក្រុម Monaco ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់​ពួក​គេ ក្រុម​សេះ​បង្កង់​ Juventus កំពុង​​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ឈាន​ទៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ​​ក្នុង​ទីក្រុង Cardiff​។

ខ្សែ​បម្រើ​​អន្តរ​ជាតិ​អា​​ល្លឺ​ម៉ង់ Khedira ដែល​មិន​បាន​ចូល​លេង​ក្នុង​ពេល​ក្រុម​ខ្លួន​​ដណ្តើម​បាន​ជ័យ​ជម្នះ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​សារ​តែ​ការ​ជាប់​ពិន័យ​ព្យួរនោះ បាន​បញ្ជាក់​ថា នៅមាន​ការ​ងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​សម្រាប់​ក្រុម Juventus។ Khedira បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ថា៖ «អ្នក​គាំទ្រ​មាន​ក្តី​សុបិន ដែល​​​ជា​សុបិន​ដូច​ពួក​​យើង​ដែរ​។ ប៉ុន្តែ យើង​មិនមែន​ជា​​​អ្នក​ចូល​ចិត្ត​សុបិន​ឡើយ ហើយ​ប្រសិន​បើ​យើង​​ចង់​ជម្នះ​រាល់​ឧប​ស័គ្គ​ផ្សេងៗ យើង​នៅ​តែ​មាន​ការ​ងារ​ជាច្រើន​ដែល​​ត្រូវ​ធ្វើ​ពី​មុខ​យើង​»​។ ប៉ុន្តែ ក្រុម Juventus ដណ្តើម​បាន​ជ័យ​ជម្នះ​៥​លើក​ពី​ការ​ប្រកួត​​ក្នុង​ផ្ទះខ្លួន​ឯង​ទាំង​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ខណៈ​ដែល Torino ឈ្នះ​តែ​ពីរ​លើក​គត់ពី​ការ​ប្រកួត​ក្រៅ​ដី​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១:៤៥​ទៀប​ភ្លឺ​៕

ប្រភព​ពី៖ sports.yahoo

Advertisement