ក្លិបចិន Tianjin ច្រានចោលថា ខ្លួនឈានដល់ការព្រមព្រៀងក្នុងការទិញ Costa

ក្លិប Tianjin Quanjian បាន​ច្រាន​ចោល​​ថា Diego Costa របស់​ក្លិប Chelsea បានយល់​ព្រម​​លើ​​កិច្ច​សន្យា​មួយ​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​​ក្រប​ខ័ណ្ឌ​ចិន Super League ក្រោយ​ពី​បណ្តាញ​សារ​ព័ត៌មាន​នៅ​អេ​ស្ប៉ាញ បាន​​ចេញផ្សាយ​ថា ខ្សែ​ប្រយុទ្ធ​​ដើម​កំណើត​ប្រេស៊ីល​រូប​នេះ នឹង​ផ្ទេរ​ទៅ​ចិន​ក្នុង​តម្លៃ​ខ្លួន​៧៧​លាន​ផោន (ស្មើ​នឹង​៩៩,៧​លាន​ដុល្លារ​អាមេ​រិក​) ក្នុង​ពេល​បិទ​រដូវ​កាល​​។

ក្លិប Tianjin ដែល​ដឹកនាំ​ដោយ​អតីត​កីឡាករ​ឈ្នះ​ពាន World Cup ជា​មួយ​នឹង​អ៊ី​តាលី​គឺ​​លោក Fabio Cannavaro និង​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២​របស់​ចិន​កាល​ពី​​រដូវ​​កាល​មុន​នោះ បាន​ច្រាន​ចោល​ថា ពួក​គេ​បាន​ធ្វើ​ការ​ចរ​ចា​ជាមួយ​​នឹង​​ខ្សែ​ប្រយុទ្ធ​ដែល​លេង​ក្នុង​ក្រប​ខ័ណ្ឌ Premier League​ រូប​នេះ​។ ក្លិប Tianjin បាន​ឲ្យ​ដឹង​ក្នុង​សេច​ក្តី​​ថ្លែង​ការណ៍​មួយ​តាមរយៈ​គេណនី​សង្គម Weibo ថា៖ «ទាក់​ទង​នឹង​ពាក្យ​ចរ​ចាម​អារ៉ាម​ផ្សេង​ៗ​​ទៅ​លើ​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ Diego Costa របស់ Chelsea ទៅកាន់​ក្លិប Tianjin យើង​​សូម​ប្រកាស​ថា មក​ទល់​ពេល​នេះ យើង​មិន​បាន​ទាក់​ទង​ជាមួយ​នឹង Costa អំពី​ការ​ផ្ទេរ​មួយ​ឡើយ​»​

កា​សែត​អេ​ស្ប៉ាញ Cadena Ser បាន​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា Costa បាន​ជួប​ជា​មួ​យ​នឹង​មន្ត្រី​របស់​ក្លិប​ Tianjin រួម​ជា​មួយ​នឹង​ភ្នាក់​​ងារ​របស់​គេ​គឺ​លោក Jorge Mendes ហើយ​ការ​ព្រមព្រៀង​គ្នា​មួយ​ត្រូវ​បាន​ឈាន​ដល់​។ កា​សែត​នេះ​បាន​ចេញ​ផ្សាយ​ថា Costa នឹង​ចូល​រួម​ជាមួយ​នឹង Tianjin ពីក្លិប Chelsea ​​ សម្រាប់​តម្លៃ​ខ្លួន​៩០​លាន​អឺ​រ៉ូ (ស្មើ​នឹង​៧៦,៤៣​លាន​​ផោន) ខណៈដែល​ខ្សែ​​ប្រយុទ្ធ​រូប​នេះ នឹង​ទទួល​បាន​ចំណូល​ដល់​ទៅ​៣០លាន​​អឺ​រ៉ូ (ស្មើ​នឹង​៣៣​លាន​ដុល្លារ​អាមេ​រិក) ក្នុង​មួយ​ឆ្នាំ​៕

ប្រភពពី៖ The Independent

Advertisement