សៅ សុខា៖ ធ្វើកងទ័ពត្រូវ មាន ស្បៀង និងអាវុធ ឯបាល់ទាត់ ត្រូវមានធនធាន កីឡាករ និង សម្ភារៈ

លោក សៅ សុខា ប្រធានកីឡាបាល់ទាត់កម្ពុជា ដែលបានដឹកនាំ វិស័យបាល់ទាត់ តាំងពីមិនទាន់មានអ្វីសោះ រហូតដល់មានឈ្មោះល្បីដល់អន្តរជាតិ បានបង្ហាញពីអារម្មណ៍ដែលដឹកនាំវិស័យកីឡាបាល់ទាត់មួយ រយៈពេល១០ឆ្នាំ គឺមានការពិបាកខ្លាំងជាងការដឹកនាំកងទ័ពទូទាំងប្រទេសទៀត ព្រោះអ្វីៗកើតចេញពីបាល់ទាត់ គឺសុទ្ធតែមានលក្ខណៈស្ដង់ដារ ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីចុងខែមិនាកន្លងទៅ ។

ការដឹកនាំកងទ័ព ត្រូវការត្រឹមស្បៀង និងអាវុធ គឺអាចប្រយុទ្ធប្រឆាំងជាមួយសត្រូវបាន ប៉ុន្ដែការដឹកនាំបាល់ទាត់អ្វីៗក៏ត្រូវមានលក្ខណៈស្ដង់ដាដែរ មិនថាហេដ្ឋារចនាសម្ព័ន្ធ ធនធានកីឡាករ គ្រូបង្វឹក សម្ភារៈ ឬប្រព័ន្ធដឹកនាំនោះទេ ។ ដោយហេតុនេះក្នុងនាមជាអ្នកមិនទាន់មានបទពិសោធន៍ក្នុងវិស័យកីឡាបាល់ទាត់ ការចាប់ផ្ដើមដំបូងឯកឧត្តម បានអនុវត្តបណ្ដើរ និងរៀនបណ្ដើរ ដើម្បីជំរុញវិស័យបាល់ទាត់កម្ពុជាឲ្យមានភាពរីកចម្រើន រហូតមកទល់បច្ចុប្បន្ន ។

ប៉ុន្ដែយ៉ាងណាបាល់ទាត់កម្ពុជា មិនទាន់ដល់គោលដៅខ្លួនចង់បាននោះទេ ដូច្នេះសហព័ន្ធបាននឹងកំពុងអនុវត្តផែនការអភិវឌ្ឍន៍ថ្នាលយុវជនបន្ដ តាមរយៈការបង្កើតគម្រោងបើកសាលាបាល់ទាត់ទូទាំងប្រទេស ដើម្បីស្វែងរកអ្នកមានសមត្ថភាព និងទេពកោសល្យ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

Advertisement