Tottenham ជួបការខកចិត្តធំក្នុងការប្រជែងពាន ក្រោយចាញ់ West Ham

ក្តី​សង្ឃឹម​នៃ​​ការ​ប្រជែង​ពាន​ក្រ​ខ័ណ្ឌ Premier League របស់​ក្រុម Tottenham Hotspur បាន​​​រង​នូវ​ការ​ខក​ចិត្ត​ដ៏​ធំមួយ ខណៈ​ដែល​​ការ​ទទួល​ជ័យ​ជម្នះ​ជាប់​ៗ​គ្នា​របស់​ពួក​គេ​បានប​ញ្ចប់​ត្រឹម​៩​ប្រកួត​ ក្នុង​ពេល​រង​​បរា​ជ័យ ១-០ នៅ​លើ​ទឹក​ដីក្រុម West Ham United កាល​ពី​ថ្ងៃ​សុក្រ​។

គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​​នៅនាទី ទី​៦៥​ របស់​ខ្សែ​បម្រើ Manuel Lanzini បាន​​កាត់​សេច​ក្តី​ក្នុង​​ការ​ប្រកួត​​រវាង​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែ​មួយ​​នេះ ខណៈ​ដែល​ក្រុម Tottenham បាន​ធ្វើ​ការ​គ្រប់​គ្រង​ទាំង​ស្រុង​ ប៉ុន្តែ មិន​បាន​បង្ហាញ​ពី​ទម្រង់​លេង​​ក្នុង​កម្រិត​ដែល​បាន​ជួយ​បង្កើន​ក្តី​សង្ឃឹម​នៃ​ការ​ឈ្នះ​ពាន​ជា​លើក​ទី​១​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦១​ឡើយ​។ ក្រុម​មាន់​ខ្នាយ​មាស Tottenham អាច​កាត់​បន្ថយ​ពិន្ទុ​នាំ​មុខ​របស់​​ក្រុម Chelsea មក​នៅ​ត្រឹម​១​​ពិន្ទុ ប្រសិន​បើ​ពួក​គេ​ដ​ណ្តើម​បាន​ជ័យ​ជម្នះ​ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​គម្លាត​នៃ​ការ​ដេញ​តាម​ពី​ក្រោយ​អាច​​នឹង​កើន​ដល់​៧​ពិន្ទុ ខណៈ​នៅ​សល់​តែ​៣​ប្រកួត​ទៀត បើ​ក្រុម​តោ​ខៀវ​មួយ​នេះ ​​ផ្តួលក្រុម Middlesbrough ក្នុង​ផ្ទះខ្លួន​ឯង​នៅ​ថ្ងៃ​ចន្ទ ខាង​មុខ​នេះ​។

West Ham ដែល​ជា​ក្រុម​ដំបូង​គេ​ក្នុង​​ការ​​ការ​ពារ​មិន​ឲ្យ​ក្រុម Tottenham រក​​គ្រាប់​បាល់​បញ្ចូល​ទី​ បើ​គិ​ត​ចាប់​តាំង​ពី Liverpool ធ្វើ​​បាន​បែប​នេះ​កាល​ពី​​ខែ​កុម្ភៈនោះ បាន​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៩ ដោយ​មាន​៤២​​ពិន្ទុ និង​បច្ចុប្បន្ន មាន​សុវត្ថិ​ភាព​​ពី​តំបន់​​គ្រោះ​ថ្នាក់​​រួច​ជា​ស្រេច​។ អ្នក​ចាំ​​ទី​នៃក្រុម​ម្ចាស់​ផ្ទះ Adrian បាន​ធ្វើ​ឲ្យ​ក្រុម Tottenham ជួប​ការ​ខក​ចិត្ត​ជាមួយ​នឹង​ការ​សង្គ្រោះ​បាល់​ជា​បន្ត​បន្ទាប់​ក្នុង​តង់​ទី​១ ពី​​ការ​ស៊ុត​របស់​កីឡាករ Dele Alli និង Harry Kane ហើយ​រូប​គេ​ក៏​បាន​​បំពេញ​តួនាទី​យ៉ាងល្អ​ផង​ដែរ ក្នុង​ការ​រា​រាំង​ការ​ស៊ុត​របស់ Son Heung-Min ក្នុង​តង់​ទី​​២ ខណៈ​ដែល​ក្រុម​ភ្ញៀវ​​បាន​ដាក់​សម្ពាធ​យ៉ាងល្អ​ខ្លាំង​ដើម្បី​រក​គ្រា់ប​បាល់​បើក​ឆាក​។ លទ្ធ​ផល​នេះ​មាន​ន័យ​ថា Chelsea បច្ចុប្បន្ន​ត្រូវ​ការ​​ត្រឹម​តែ​១​​ពិន្ទុ​ប៉ុណ្ណោះ​​ពី​ការ​ប្រកួត​៤​លើក​ទៀត ​ដើម្បី​​​ឈ្នះពាន Premier League ក្នុង​រដូវ​កាល​ទី​១​​របស់​លោក Antonio Conte ក្នុង​នាម​ជា​គ្រូ​បង្វឹក​​៕

ប្រភព​ព័ត៌​មាន៖ Reuters

Advertisement