លោក Allardyce ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​របស់  Everton

លោក Sam Allardyce ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្លិប Everton  ក្រោយពី​លោក​បាន​ចូល​ទស្សនា​ការប្រកួតរ​បស់​ក្រុម​ទូកក្តោង​ខណៈដែល​ពួកគេ​បាន​ផ្តួល​ក្រុម West Ham United 4-0 នា​កីឡដ្ឋាន Goodison Park។

គ្រូបង្វឹក​វ័យ63ឆ្នាំ​រូបនេះ បាន​ចុះហត្ថលេខា​លើ​កុងត្រា​មួយ​ដែល​នឹង​ផុតកំណត់​ក្នុង​ឆ្នាំ2019។ លោក Allardyce បាន​ចូល​ជំនួស​កន្លែង​របស់លោក Ronald Koeman ដែល​ត្រូវបាន​បណ្តេញចេញ​ក្នុង​រយៈពេល​ច្រើនជាង5ឆ្នាំ​កន្លងទៅ និង​បាន​វិល​ទៅកាន់​តួនាទី​ផ្នែក​ដឹកនាំ​វិញ​ក្នុង​រយៈពេល៦ខែ ក្រោយពី​ចាកចេញ​ពី​ក្លិប Crystal Palace។ លោក Allardyce នឹង​ចូលកាន់​តំណែង​ជំនួស​គ្រូបង្វឹក​បណ្តោះអាសន្ន​លោក David Unsworth ដែល​នឹង​នៅតែ​ស្ថិត​ជា​បុគ្គលិក​របស់​ក្លិប​នេះ​ដដែល​សម្រាប់​ការប្រកួត​លើ​ទឹកដី​ខ្លួនឯង​របស់​ក្រុម Everton ជាមួយនឹង​ក្រុម Huddersfield Town កាលពី​ថ្ងៃ​សៅរ៍។

ការបរាជ័យ​របស់​ក្លិប Everton ក្នុងការ​លួងលោម​លោក Marco Silva ឲ្យ​ចាក​ចេញពី​ក្លិប Watford ហើយ​ការសម្រេចចិត្ត​ក្នុងការ​ផ្តល់​កិច្ចសន្យា​រយៈពេល​វែង​ដល់​លោក Allardyce បានធ្វើ​ឲ្យ​គ្រូបង្វឹក​ចាស់វស្សា​រូបនេះ វិល​ទៅកាន់​ក្របខ័ណ្ឌ Premier League តែម្តង។ លោក Allardyce ដែល​ធ្លាប់បាន​ដឹកនាំ​ក្លិប Bolton Wanderers, Newcastle United, Blackburn Rovers, West Ham Sunderland និង Crystal Palace ក្នុង​ក្របខ័ណ្ឌ Premier League នោះ មិន​ធ្លាប់បាន​ដឹកនាំ​ឲ្យ​ក្រុម​មួយ​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​ឡើយ។

លោក Allardyce បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ខ្ញុំ​តែងតែបាន​គិតថា Everton គឺជា​ក្លិប​ដ៏​អស្ចារ្យ​មួយ។ ពិតណាស់ ក្លិប​នេះ បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន ហើយ​ជាការ​រំពឹងទុក ខ្ញុំ​អាច​បញ្ចប់​បញ្ហាផ្សេងៗឲ្យ​បាន​ឆាប់​តាម​ដែល​អាច និង​ចាប់ផ្តើម​វិល​ទៅរក​ភាពខ្លាំង​ម្តងទៀត»៕

ប្រភពពី៖ The Guardian

Advertisement