ណាហ្គាវើល ចុះកិច្ចព្រមព្រៀង ក្នុងទឹកប្រាក់ ១៤០.០០០ដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយសហព័ន្ធកីឡាបាល់ទះកម្ពុជា

លោក នេត សារឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានយល់ព្រមចុះកិច្ចព្រមព្រៀងជាមួយសណ្ឋាគារណាហ្កាវើល ស្ដីពីកិច្ចគាំទ្រដើម្បីអភិវឌ្ឍន៍ វិស័យកីឡាបាល់ទះនៅកម្ពុជា កាលថ្ងៃទី ៧ ខែឧសភា នៅសណ្ឋាគារណាហ្គាវើលម្សិលមិញនេះ ក្នុងទឹកប្រាក់ជួយពង្រឹងវិស័យកីឡាបាល់ទះដ៍ច្រើនក្នុងមួយឆ្នាំៗ ។

ក្នុងកិច្ចព្រមព្រៀងនោះ គឺខាង ណាហ្គាវើលសម្រេចផ្ដល់ជូនកញ្ចប់ថវិកាចំនួន ១៤០.០០០ដុល្លារអាមេរិកជា រៀងរាល់ឆ្នាំចាប់ពីពេល ចុះហត្ថលេខា នេះ ទៅដើម្បីឲ្យ បាល់ទះ កម្ពុជាមានមុខមានមាត់លើឆាកអន្តរជាតិ ។ ណាហ្គា ជួយគាំទ្រដល់ការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅបរទេសដែលរួមមានការឧបត្ថម្ភប្រាក់បៀវត្សរ៍ ការស្នាក់នៅនិងការ ថែទាំសុខភាព ។

កិច្ចព្រមព្រៀងដែលមានរយៈពេល ២ឆ្នាំនេះ ណាហ្គាវើល បានទទួលមកវិញនូវនូវសិទ្ធផ្សព្វផ្សាយពាណិជ្ជកម្ម គ្រប់ព្រឹត្តិការណ៍នៃការប្រកួតបាល់ទះ ។

ចំពោះសហព័ន្ធវិញត្រូវទទួលខុសត្រូវចំពោះទិដ្ឋាការឲ្យអនុញ្ញាតស្នាក់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងជួយ សម្រួលដល់គ្រូបង្វឹកបរទេសចំពោះការបំពេញភារកិច្ចរបស់គាត់ ។ ផ្ដល់យានយន្ដ និង អ្នកបើកបរដល់គ្រូបរទេស ។ ទទួលខុសត្រូវចំពោះសន្តិសុខ និង អ្នកបកប្រែប៉ុន្ដែមិនទទួលខុសត្រូវចំពោះការបាត់បង់ទ្រព្យសម្បត្តិ និង គ្រោះថ្នាក់ ដោយប្រការណាមួយក្នុងពេលស្នាក់នៅកម្ពុជាឡើយ ។

លោកនេត សាវឿនមានប្រសាសន៍ថា៖ ការអភិវឌ្ឍន៍វិស័យកីឡាគឺទាមទារ នូវការចូលរួមឧបត្ថម្ភជាការចាំបាច់ណាស់ ។

ជាមួយគ្នានេះដែលលោក Chen Lip Keong បានចាត់ទុកថា៖ នេះជាការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទះនៅកម្ពុជា បន្ថែមទៀតព្រោះកន្លងមកណាហ្គាវើលបានជួយដល់វិស័យកីឡាកម្ពុជាលើច្រើនផ្នែកដែរ ។មិនតែប៉ុណ្ណោះណាហ្គាវើល ក៏មានក្លិបបាល់ទាត់អាជីពរបស់ខ្លួនមួយដែរ ៕

Advertisement