Firmino ជួយ Liverpool លត់ Swansea ចាស់ដៃ ខណៈ Kane បំបែក​កំណត់ត្រា

លោក Jurgen Klopp បាន​និយាយថា ក្រុម Liverpool របស់លោក ពិតជា​ផ្តល់​ការរីករាយ​ក្នុងការ​ទស្សនា ខណៈដែល​ពួកគេ​បាន​ពង្រឹង​ទីតាំង​របស់​ពួកគេ​ក្នុង​ចំណាត់ថ្នាក់​កំពូល​តារាង​ទាំង​បួន​នៃ​ក្របខ័ណ្ឌ Premier League តាមរយៈ​ការកត់ត្រា​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 5-០ លើ​ក្រុម​បាត​តារាង Swansea កាលពី​ថ្ងៃ​អង្គារ។

ការ​ស៊ុត​បាល់​កោង​បញ្ចូល​ទី​យ៉ាង​ល្អ​ពី​ចម្ងាយ​របស់ Philippe Coutinho ក្រោយពី​ការបញ្ជូន​បាល់​របស់​តារា​ឆ្នើម Mohamed Salah បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​រកបាន​គ្រាប់​បាល់​បើកឆាក​នៅ​នាទី​ទី6 មុនពេល​ជួយ​ឲ្យ​ខ្សែប្រយុទ្ធ Roberto Firmino រកបាន​គ្រាប់​បាល់1គ្រាប់​ផ្សេងទៀត។ ការព្យាយាម​របស់​កីឡាករ Trent Alexander-Arnold បាន​ជួយ​ឲ្យ​គេ​រកបាន​គ្រាប់​បាល់​ទី3សម្រាប់ Liverpool បន្ទាប់ពី​បញ្ចប់​តង់​ទី1 មុនពេល Firmino និង Alex Oxlade-Chamberlain បន្ថែម​ម្នាក់1គ្រាប់​ទៀត​ដើម្បី​បំពេញ​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ។

លោក Klopp បាន​ប្រាប់​ទូរទស្សន៍ BBC Sport ថា៖ «ក្រោយពី​រយៈពេល 55នាទី វា​ពិតជា​អស្ចារ្យ​ណាស់។ វា​មិនមែន​ងាយស្រួល​ឡើយ។ ប៉ុន្តែ រយៈពេល​កន្លះ​ម៉ោង​ចុងក្រោយ ពិតជា​អស្ចារ្យ​ណាស់ និង​ពិតជា​ផ្តល់​ការរំភើប​ក្នុងការ​ទស្សនា ហើយ​យើង​ស័ក្តិសម​ក្នុងការ​ទទួល​ជ័យជម្នះ»។ ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Harry Kane របស់​ក្លិប Tottenham បាន​បំបែក​កំណត់ត្រា​របស់​ក្របខ័ណ្ឌ Premier League តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី3គ្រាប់ ក្នុងពេល​ក្រុម​ខ្លួន​លត់​ក្រុម Southampton យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 5-2 កាលពី​ថ្ងៃ​អង្គារ។

នៅ​កីឡដ្ឋាន Wembley ឯនោះ​វិញ Kane បាន​បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​ការរក​គ្រាប់​បាល់​ច្រើនជាងគេ​បំផុត​ក្នុង​ក្របខ័ណ្ឌ Premier League តាមរយៈ​ការរកបាន39គ្រាប់​ក្នុង​រយៈពេល12ខែ៕

ប្រភពពី៖ BBC

Advertisement