Neymar រកបាន​គ្រាប់​បាល់ ខណៈ PSG ឈានទៅ​វគ្គ1/2 នៃ League Cup

Neymar បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី1គ្រាប់​ក្នុង​តង់​ទី2 ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក4សម័យកាល Paris Saint-Germain បាន​ជួប​ភាពស្វិតស្វាញ នៅ​មុនពេល​យកឈ្នះ​លើ​ក្រុម Amiens ដែល​នៅសល់​សមាជិក​ត្រឹមតែ10នាក់​ក្នុង​លទ្ធផល 2-០ ដើម្បី​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពាន League Cup របស់​បារាំង កាលពី​ថ្ងៃ​ពុធ។

PSG បាន​លេង​ដោយ​គ្មាន​ខ្សែប្រយុទ្ធ​រកបាន​គ្រាប់​បាល់​ឈានមុខ Edinson Cavani ម្តងទៀត ខណៈដែល​រូបគេ​ក៏មាន​វត្តមាន​ក្នុងពេល​ក្រុម​ខ្លួន​បាន​យកឈ្នះ​លើ​ក្រុម Rennes ក្នុង​ពាន  French Cup ផងដែរ ក្រោយ​វិល​ពី​ការ​សម្រាក​វិស្សមកាល​នៃ​បុណ្យ​ណូអែល និង​ថ្ងៃ​ចូលឆ្នាំថ្មី​ក្នុងប្រទេស​អ៊ុយ​រូ​ហ្គា​យ។ ក្តីសង្ឃឹម​របស់​ក្រុម Amiens ដែលថា​នឹង​បង្កើត​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ត្រូវបាន​បញ្ចប់ ដោយសារតែ​ការពិន័យ​កាត​ក្រហម​ទៅលើ​អ្នកចាំទី Regis Gurtner នៅ​នាទី​ទី34 សម្រាប់​ការប្រព្រឹត្ត​កំហុស​ទៅលើ​ខ្សែប្រយុទ្ធ Kylian Mbappe ក្រោយពី​បាន​រត់​ចេញពី​ប្រអប់​នៃ​ទីតាំង​របស់គេ។

ក្រោយមក Neymar ក៏បានផ្តល់​ការ​មានប្រៀប​ដល់​ក្រុម​ភ្ញៀវ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ពី​ចំណុច​ពិន័យ11ម៉ែត្រ នៅ​ដើមតង់​ទី2 នា​កីឡដ្ឋាន Stade de la Licorne។ Adrien Rabiot បាន​បំពេញ​ជ័យជម្នះ​ដល់​ក្រុម​ខ្លួន​នៅ​នាទី​ទី78 ក្រោយពី​ទទួល​បាល់​ពី​ការបញ្ជូន​របស់ Angel Di Maria។

Monaco បាន​ក្លាយជា​ក្រុម​ដំបូង​គេ​ក្នុងការ​ឈានទៅ​វគ្គ4ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ​នេះ កាលពី​ថ្ងៃ​អង្គារ ខណៈដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Thomas Lemar និង Adama Diakhaby បាន​ជួយ​ឲ្យ​ក្រុម​របស់លោក Leonardo Jardim យកឈ្នះ​លើ​ក្រុម Nice ក្នុង​លទ្ធផល 2-1 នា​កីឡដ្ឋាន Allianz Riviera៕

ប្រភពពី៖ Sport24

Advertisement