Liverpool បញ្ចប់​ការមិន​ស្គាល់​ចាញ់​របស់ Man City ខណៈ Arsenal ចាញ់ Bournemouth

ក្រុម Liverpool បានធ្វើឱ្យ​ក្រុម Manchester City រង​បរាជ័យ​ជា​លើក​ទី1របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Premier League នា​រដូវ​កាល​នេះ ខណៈដែល​ក្រុម​ហង្ស​ក្រហម​មួយ​នេះ បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 4-3 កាលពី​ថ្ងៃអាទិត្យ ដើម្បី​បង្ហាញថា ពួកគេ​នៅតែមាន​ភាពខ្លាំង​បើទោះបី​លេង​ដោយ​គ្មាន​តារា​ឆ្នើម Philippe Coutinho ក៏ដោយ។

ក្រុម Man City បានធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Anfield ដោយ​ការមិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការប្រកួត30លើក​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស និង​ត្រូវបាន​រំពឹងទុក​ថា នឹង​ក្លាយជា​ក្រុម​ម្ចាស់​ជើងឯក ស្របពេល​មានការ​លើកឡើងថា ពួកគេ​អាច​នឹង​បញ្ចប់​រដូវ​កាល​ទាំងមូល​នេះ ដោយ​ការមិន​ស្គាល់​ចាញ់​សោះ​ទៀតផង។

ប៉ុន្តែ រយៈពេល90នាទី​ក្រោយមក ក្រុម​របស់លោក Pep Guardiola បាន​ជួប​ការខកចិត្ត ក្រោយពី​រង​បរាជ័យ​ក្នុងការ​ប្រកួត​ពាន​ក្នុងស្រុក​ជា​លើក​ទី1របស់​ពួកគេ ចាប់តាំងពី​ចាញ់​ក្រុម Arsenal ក្នុងការ​ប្រកួត​ពាន FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្ដង កាលពី​រដូវ​កាល​មុន។ Man City បាន​ចាញ់​ទាំង​ប្រផិតប្រផើយ ខណៈដែល​ក្រុម​របស់លោក Jurgen Klopp បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ​ដើម្បី​លុបចោល​នូវ​ការព្រួយបារម្ភ​ថា ពួកគេ​អាច​នឹង​ត្រដាបត្រដួស ក្រោយពី​ការលក់​ខ្សែបម្រើ​ប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Coutinho ទៅ​ឲ្យ​ក្លិប Barcelona។

លោក Guardiola គ្រូបង្វឹក​របស់ Man City បាន​ឲ្យ​ដឹងថា៖ «ក្រោយពី​គ្រាប់​បាល់​ទី2 ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់​ទៀត​ក្នុង​ចន្លោះពេល​ត្រឹមតែ3 ទៅ4នាទី​ប៉ុណ្ណោះ ហើយ​វា​ពិតជា​លំបាក​ណាស់​ក្នុងការ​ស្រោចស្រង់​ឡើងវិញ។ ក្នុង​រាល់​សន្និសីទ​សារព័ត៌មាន​ទាំងអស់​កាលពី​ប៉ុន្មាន​ខែ​មុន គេ​បាន​និយាយថា ក្របខ័ណ្ឌ Premier League បញ្ចប់​ហើយ តែ​ខ្ញុំ​តែងតែ​និយាយថា មិនទាន់​ទេ វា​នៅតែ​ត្រូវធ្វើ​ឲ្យ​បញ្ចប់»។ ស្របពេល​ជាមួយគ្នានេះ ការរីករាយ​របស់​ក្រុម Liverpool មាន​ភាពផ្ទុយ​គ្នា​ស្រឡះ​ទៅនឹង​អារម្មណ៍​របស់លោក Arsene Wenger ក្រោយពី Arsenal ចាញ់​ក្នុង​លទ្ធផល 2-1 នៅលើ​ទឹកដី​ក្រុម Bournemouth៕

ប្រភពពី៖ Worldsoccertalk

Advertisement