ល្ងាចនេះ ខេត្តកណ្ដាលនឹងបញ្ចប់ការប្រកួតកីឡាប្រណាំងទូកដណ្ដើមពានរង្វាន់សម្ដេច ក្រឡាហោម ស ខេង

បើតាមអ្នកស្រី ប្រាក់ សម្ផស្ស មន្ត្រីរបស់សហព័ន្ធកីឡាប្រណាំងទូកកម្ពុជាបានឱ្យដឹងថា៖ នាល្ងាចនេះព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកកានូកាយ៉ាក់ពានរង្វាន់ “សម្តេច ក្រឡាហោម ស ខេង” លើកទី៤ នៅក្រុងតាខ្មៅ ខេត្តកណ្ដាលនឹងប្រារព្ធពិធីបិទជាផ្លូវការហើយ នៅវេលាម៉ោង៤នេះ បន្ទាប់ពីបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ ខែ ឧសភា ចុងសប្ដាហ៍មុននេះ។

អ្នកស្រីបន្តថា៖ ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកកានូកាយ៉ាក់ ពានរង្វាន់ “សម្តេចក្រឡាហោម ស ខេង” លើកទី៤ នេះ កន្លងមកយើងទទួលបាននូវជោគជ័យល្អប្រសើរណាស់ តែក៏មានចំណុចខ្វះខាត និងបញ្ហាប្រឈមខ្លះៗដែរ ដែលតម្រូវឲ្យមានការត្រួតពិនិត្យ និងកែសម្រួលលើបទបញ្ជារួម ព្រមទាំងបទបញ្ជា បច្ចេកទេសកីឡាទូក ទាំង២ប្រភេទមួយចំនួនដែរ។

ការប្រកួតឆ្នាំនេះមាន ៨ សមាគម រាជធានី ខេត្ត ក្រសួង ដែលរួមមានខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងភ្នំពេញ។ ជាមួយគ្នានេះដែរលទ្ធផលកាលពីម្សិលមិញនេះ ប្រភេទទូកប្រពៃណីអន្តរជាតិរបស់ម្ចាស់ផ្ទះខេត្តកណ្តាលរកបានមេដាយ១០គ្រឿង ក្នុងនោះមេដាយមាស២គ្រឿង ប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង។

សម្រាប់វិញ្ញាសាប្រណាំងចម្ងាយ៨០០ម៉ែត្រនារី៖ទូក៧មករា ចិត្តតែមួយខេត្តកណ្តាលទទួលបានមេដាយមាសទូកពោធិ៍មានជ័យបារមីតេជោខេត្តកណ្តាល ទទួលបានមេដាយប្រាក់ និងទូកពញាព្ញតេជសែនជ័យ ទទួលបានមេដាយសំរិទ្ធ។

រីឯវិញ្ញាសាប្រណាំងចម្ងាយ៨០០ម៉ែត្របុរស ៖ ទូកធ្នូ-សរាជសីហ៍ ក្រសួងមហាផ្ទៃទទួលបានមេដាយមាស ទូកពេជ្រកុមារសែនជ័យខេត្តកណ្តាលទទួលបានមេដាយប្រាក់ ទូកពោធិ៍មង្គលសែនជ័យ ខេត្តកណ្តាល និងទូកព្រែករាំងច័ន្ទហេងតេជោសែនជ័យ ទទួលបានមេដាយសំរិទ្ធ។

ចំពោះវិញ្ញាសាប្រណាំងចម្ងាយ៨០០ម៉ែត្រនារីចម្រុះ ៖ ទូកមហាសេនាចក្រីខេត្តកំពង់ស្ពឺទទួលបានមេដាយមាស ទូក៧មករាចិត្តតែមួយខេត្តកណ្តាលទទួលបានមេដាយប្រាក់ ទូកពោធិ៍មានជ័យបារមីតេជោ ខេត្តកណ្តាលទទួលបានមេដាយប្រាក់ និងទូកពញាព្ញតេជសែនជ័យទទួលបានមេដាយសំរិទ្ធ។

ដោយឡែកវិញ្ញាសាប្រណាំងចម្ងាយ៥០០ម៉ែត្រ ប្រភេទទូកកាយ៉ាក់ ៖ កីឡាករ សែម មករា ខេត្តកណ្តាលទទួលបានមេដាយមាស កីឡាករ ទ ហៀត ក្រសួងមហាផ្ទៃ ទទួលបានមេដាយប្រាក់ កីឡាករ លាភ ហេង ខេត្តបាត់ដំបង និងកីឡាករ សែម បញ្ញា ខេត្តកណ្តាលទទួលបានមេដាយសំរិទ្ធ៕

Advertisement