អ្នកគាំទ្រឈរតម្រៀបជួរគ្នា 30គីឡូម៉ែត្រ ស្វាគមន៍ក្រុម U23 វៀតណាម

អ្នកគាំទ្រកីឡាបាល់ទាត់ដ៏ច្រើនកុះករ បានប្រមូលផ្តុំគ្នានៅតាមដងវិថីនានាកាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ ដើម្បីស្វាគមន៍ការវិលត្រឡប់មកប្រទេសកំណើតវិញរបស់ក្រុមវីរបុរសវ័យក្មេងរបស់ពួកគេ និងតម្រូវឲ្យលោកនាយករដ្ឋមន្ត្រីរង់ចាំរហូតដល់ទៅ5ម៉ោងដើម្បីជួបជាមួយពួកគេ។

បើទោះបីបានរងបរាជ័យយ៉ាងខកចិត្តនៅនាទីចុងក្រោយក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ូសបេគីស្ថានក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFC U23 Championship កាលពីថ្ងៃសៅរ៍ក៏ដោយ តែក៏ក្រុមជម្រើសជាតិវៀតណាម បានវិលទៅកាន់ប្រទេសខ្លួនវិញក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅដែរ។

ខណៈដែលត្រូវបានចាត់ទុកថាជាវីរបុរសជាតិ ក្រុមរបស់លោកគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Park Hang-seo បានបង្កើតប្រវត្តិសាស្ត្រក្នុងយុទ្ធនាការប្រចាំទ្វីបមួយនេះ តាមរយៈការដណ្តើមបានជ័យជម្នះដ៏រំភើបជាច្រើនលើក្រុមខ្លាំងៗដូចជាអូស្ត្រាលី អ៊ីរ៉ាក់ និងកាតា។ វាជាលើកទី1ហើយដែលក្រុមជម្រើសជាតិវៀតណាម បានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការនេះ ដែលនាំឲ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក។
អ្នកគាំទ្ររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាតាមដងវិថីនានាតាំងពីព្រលានយន្តហោះ Noi Bai រហូតដល់កណ្តាលទីក្រុងហាណូយ ដើម្បីស្វាគមន៍រថយន្តក្រុងរបស់ក្រុមវីរបុរស។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាននិយាយថា៖ «ខ្ញុំត្រូវរង់ចាំពួកគេអស់រយៈពេល5ម៉ោង។ មិនធ្លាប់មាននាយករដ្ឋមន្ត្រីណាម្នាក់ត្រូវរង់ចាំនរណាអស់រយៈពេលយូរបែបនេះឡើយ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា រីករាយខ្លាំងណាស់សម្រាប់ការរង់ចាំបែបនេះឡើយ»៕

ប្រភពពី៖ e.vnexpress.net

Advertisement