Arsenal យល់ព្រម​លើ​តម្លៃ​ខ្លួន 60លាន​ផោន ដើម្បី​ទិញ Aubameyang ពី Dortmund

ក្លិប​កាំភ្លើង​ធំ Arsenal បាន​ឈានដល់​ការព្រមព្រៀង​គ្នា​មួយ​ក្នុង​ទឹកប្រាក់ 60លាន​ផោន (ស្មើនឹង 84.4លាន​ដុល្លារ​អាមេរិក) ជាមួយនឹង​ក្លិប Borussia Dortmund ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​ហ្គា​បុ​ង Pierre-Emerick Aubameyang។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​របស់​ទូរទស្សន៍ Sky Sports។

ព័ត៌មាន Sky Sports News យល់ឃើញថា ការបំពេញ​ការផ្ទេរ​នេះ​នឹង​កើត​ឡើងជា​ផ្លូវការ​បាន លុះត្រាតែ​ក្លិប Dortmund រកបាន​ខ្សែប្រយុទ្ធ​ម្នាក់​មក​ជំនួស​វិញ។ ក្លិប​កាំភ្លើង​ធំ​បាន​រង​នូវ​ការច្រានចោល​រួចជាស្រេច​ចំពោះ​ការដាក់សំណើ​ដេញថ្លៃ​ក្នុង​ទឹកប្រាក់ 50លាន​ផោន​កាលពី​សប្តាហ៍​មុន ខណៈដែល​លោក Michael Zorc ប្រធាន​ផ្នែក​កីឡា​របស់​ក្លិប Dortmund បាន​បញ្ជាក់ថា ពួកគេ​នឹង​អនុញ្ញាត​ឲ្យ​ខ្សែប្រយុទ្ធ​វ័យ 28ឆ្នាំ​រូបនេះ​ចាកចេញ ប្រសិនបើ​ការទាមទារ​តម្លៃ​ខ្លួន​របស់​ពួកគេ ត្រូវបាន​ផ្តល់​ឲ្យ។

Aubameyang បាន​រង​នូវ​ការស្រែក​ចំអក​ឲ្យ​ពី​អ្នកគាំទ្រ​របស់​ក្លិប Dortmund នា​កីឡដ្ឋាន Westfalenstadion អំឡុង​ពេលដែល​ក្រុម​របស់​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 ជាមួយនឹង​ក្រុម Freiburg កាលពី​ថ្ងៃ​សៅរ៍ និង​បាន​លើក​បដា​មួយ​ដែល​សរសេរថា៖ «គ្មាន​កីឡាករ​រូប​ណា ធំ​ជាង​ក្លិប​របស់​យើង​ឡើយ»។ ប្រសិនបើ​គេ​ពិតជា​ចូលរួម​ជាមួយនឹង​ក្លិប​នៅ​កីឡដ្ឋាន Emirates នៅមុន​ពេល​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ថ្ងៃ​ពុធ​មែន​នោះ Sky Sports News យល់ឃើញថា Arsenal នឹងមាន​បំណង​ឲ្យ​ខ្សែប្រយុទ្ធ Olivier Giroud ចាក​ចេញពី​ក្លិប​នេះ ខណៈដែល Chelsea បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង​តារា​ឆ្នើម​អន្តរជាតិ​បារាំង​រូបនេះ។ ប៉ុន្តែ ប្រភព​មួយ​ក្នុង Sky Sports News បាន​បង្ហើប​ឲ្យ​ដឹងថា Giroud អាច​នឹង​ស្ថិត​ជា​ផ្នែក​មួយ​នៃ​ការផ្ទេរ​របស់ Aubameyang ទៅកាន់ Emirates តាមរយៈ​ការចេញ​ទៅ​ចូលរួម​ជាមួយនឹង Dortmund វិញ៕

ប្រភពពី៖ Sky Sports

Advertisement