ម្ចាស់មេដាយពិភពលោក ២រូប ត្រូវបានដំឡើងឋានន្ដរស័ក្ដិ ជាវរសេនីយ៍ត្រី ព្រឹកមិញនេះ

បន្ទាប់ពីទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាល និង សម្ដេចហ៊ុន សែន សរុបជាង ៤ម៉ឺនដុល្លារកាលពីពេលថ្មីៗកន្លងទៅនេះរួចមក ម្ចាស់មេដាយមាសពិភពលោក អ្នកស្រី អ៊ុកស្រី មុំ និង លោកញ៉ែម បូរ៉ា ម្ចាស់មេដាយប្រាក់ ត្រូវបានដំឡើងឋានន្តរស័ក្តិពី អនុសេនីយឯកទៅជាវរសេនីយត្រីកាលពីព្រឹកមិញនេះ នៅស្ដាតចាស់ បន្ទាប់ពីអត្តលិកកីឡាប៉េតង់ទាំងពីរនេះ បានប្រជែងយកមេដាយមាសពិភពលោកពី  ប្រទេសប៊ែលហ្ស៊ិកកាលពីពាក់ កណ្ដាល ខែមេសាកន្លងទៅនេះ។

ពិធីដំឡើងឋានន្តរស័ក្តិនេះ បានរៀបចំនៅក្នុងកីឡាដ្ឋានស្ដាតចាស់រាជធានីភ្នំពេញ ដែលបំពាក់ដោយលោកនាយឧត្ដមសេនីយ៍ ម៉ឺង សំផន រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិ ។

លោកនាយឧត្ដមសេនីយ៍ ម៉ឺង សំផន បានសម្ដែងការអបអរសាទរយ៉ាងខ្លាំង ចំពោះជោគជ័យនេះ បានជំរុញបន្ថែមដល់កីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡារបស់ក្រសួងការពារជាតិ បន្ដការខិតខំហ្វឹកហាត់ ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។ កីឡាការិនី អ៊ុក ស្រីមុំ គឺជាស្រ្ដីខ្មែរទី២ និងជាអត្តពលិកទី៣ របស់ក្រសួងការពារជាតិ ដែលដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកជូនជាតិ ។

កីឡាការិនី អ៊ុក ស្រីមុំ

ជាមួយគ្នានេះ កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ម្ចាស់មេដាយប្រាក់ពិភពលោកក៍ត្រូវបានសម្ដេចហ៊ុន សែន បានផ្ដល់ជូននូវអាហារូបករណ៍រៀនសាកលវិទ្យាល័យអាស៊ីអឺរ៉ុបរហូតចប់ថ្នាក់បរិញ្ញាបត្រផងដែរ៕

កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ម្ចាស់មេដាយប្រាក់ពិភពលោក

Advertisement