De Gea ក្លាយជា​វីរបុរស​សង្គ្រោះ Man Utd ខណៈ Shakhtar ផ្តួល Roma

ការសង្គ្រោះ​បាល់​យ៉ាង​ល្អ 1គ្រាប់​ពី​សំណាក់​អ្នកចាំទី David De Gea បាន​ជួយ​ឱ្យ​ក្រុម Manchester United ចាក​ចេញពី​ទឹកដី​របស់​ក្រុម Sevilla ជាមួយនឹង​លទ្ធផល​ស្មើ ០-០ កាលពី​ថ្ងៃ​ពុធ ដើម្បី​រក្សា​ក្តីសង្ឃឹម​នៃ​ការឈាន​ទៅដល់​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League។

De Gea បាន​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​របស់​កីឡាករ Luis Muriel បាន​យ៉ាង​ល្អ មុនពេល​បញ្ចប់​តង់​ទី1 ខណៈដែល​ក្រុម Man United របស់លោក Jose Mourinho បានធ្វើ​ការការពា​រយ៉ា​ង​រឹងមាំ​ក្នុងការ​ប្រកួត​ជើង​ទី1 នៃ​ក្របខ័ណ្ឌ Champions League វគ្គ 16ក្រុម​ចុងក្រោយ នា​កីឡដ្ឋាន Ramon Sanchez Pizjuan។

លទ្ធផល​នេះ មានន័យថា ក្រុម Sevilla អាច​ឈានទៅ​វគ្គ​បន្ត​សម្រាប់​ការប្រកួត​វគ្គ 8ក្រុម​ចុងក្រោយ ប្រសិនបើ​ពួកគេ​ដណ្តើមបាន​លទ្ធផល​ស្មើដោយ​គ្មាន​គ្រាប់​បាល់​បញ្ចូល​ទី នា​កីឡដ្ឋាន Old Trafford ក្នុងការ​ប្រកួត​ជើង​ទី2 បើទោះបី Man United ជឿជាក់​លើ​ការ​ឈានទៅ​វគ្គ​បន្ត ក្រោយពី​ទទួលបាន​លទ្ធផល​ស្មើ​នៅ​អេ​ស្ប៉ា​ញ​ក៏ដោយ។

ស្របពេល​ជាមួយគ្នានេះ ក្រុម Shakhtar Donetsk បានធ្វើការ​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ 1គ្រាប់ ខណៈដែល​ការ​ស៊ុត​បាល់​ពិន័យ Free-kick របស់​ខ្សែប្រយុទ្ធ Fred បាន​ជួយ​ឱ្យ​ក្រុម​ជើង​ខ្លាំង​របស់​អ៊ុយ​ក្រែ​ន​មួយ​នេះ ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-1 លើ​ក្រុម Roma កាលពី​ថ្ងៃ​ពុធ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី1 របស់​ពួកគេ។ កីឡាករ​វ័យក្មេង​សញ្ជាតិ​តួ​ក​គី Cengiz Under បាន​បង្កើត​ភាព​អស្ចារ្យ​ក្នុងការ​បង្ហាញខ្លួន​ជា​លើក​ទី1 របស់គេ​ក្នុង​ក្របខ័ណ្ឌ Champions League សម្រាប់​ក្រុម Roma តាមរយៈ​ការរក​គ្រាប់​បាល់​បើកឆាក​នៅ​នាទី​ទី41។

ប៉ុន្តែ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទី2 ពី​សំណាក់​កីឡាករ FacundoFerreyra និង Fred បានធ្វើឱ្យ​ការប្រកួត​វគ្គ​នេះ​មាន​តុល្យភាព​វិញ​មុនពេល​ការប្រកួត​ជើង​ទី2 នៅ​កីឡដ្ឋាន StadioOlimpico ក្នុង​រយៈពេល3សប្តាហ៍​ទៀត៕

ប្រភពពី៖ Evening Standard

Advertisement