គ្រូបង្វឹក​ប្រេ​ស៊ី​ល ជឿជាក់ថា ប្រេ​ស៊ី​ល​នឹងមិន​ចាញ់ 7-1 ទៀត​ទេ

ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​ត្រៀមលក្ខណៈផ្សេងៗសម្រាប់​ការប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង នៅ​រាត្រី​ថ្ងៃ​អង្គារ​ស្អែក​នេះ ដោយ​សង្ឃឹមថានឹង​គេចផុត​ពី​ការរង​បរាជ័យ​ក្នុង​លទ្ធផល 7-1 ដែល​នោះ​គឺជា​លទ្ធផល​ដែល​ក្រុម​ទាំង​ពីរបាន​ជួបគ្នា​ជា​លើកចុងក្រោយ​កាលពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ2014 វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង Rio។

ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល របស់លោក​គ្រូបង្វឹក Titeដែល​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​រុស្ស៊ី ក្នុង​លទ្ធផល 3-០ ក្នុង​ទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃ​សុក្រ​នោះ កំពុងតែ​ជឿជាក់ថា ពួកគេ​អាច​បង្ហាញ​ពី​ទម្រង់​លេង​ល្អប្រសើរ​ជាង​មុន​នៅពេលនេះ។ ពួកគេ​ហាក់​កំពុងតែ​ស្ថិតក្នុង​ការត្រៀម​លក្ខណៈ​យ៉ាង​ល្អ​ក្នុងពេល​ហ្វឹកហាត់ កាលពី​រសៀល​ថ្ងៃអាទិត្យ។

តារាឆ្នើមៗជាច្រើន​ដែល​លេង​ក្នុង​ក្របខ័ណ្ឌ Premier League ដូចជា Willian របស់​ក្លិប Chelsea និង Roberto Firmino របស់ Liverpool បាន​ស្តាប់​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការណែនាំ​របស់​គ្រូបង្វឹក ស្រប​ពេលដែល Philippe Coutinho ក៏បាន​ស្ថិតនៅលើ​ទីលាន​ហ្វឹកហាត់​ផងដែរ។ លោក Titeបានឱ្យដឹងថា៖ «លទ្ធផល 7-1 គឺជា​ការប្រកួត​ចុងក្រោយ​គេ​បំផុត។ ពិតណាស់ យើង​ដឹងថា យើង​នឹង​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ នៅ​ទីក្រុង​ប៊ែ​រ​ឡាំង។ ពួកគេ​ជា​ម្ចាស់​ជើងឯក​ពិភពលោក និង​បាន​ផ្តួល​យើង​ក្នុង​លទ្ធផល 7-1»។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «យើង​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​ពង្រឹង​ក្រុម ហើយ​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​សំខាន់​មួយ។ ក្នុងពេល​ប្រកួត​ជាមួយនឹង​អាល្លឺម៉ង់ យើង​ចង់​លេង​បាល់ទាត់ ចង់​ប្រជែង ចង់បង្ហាញ​ពី​ភាពខ្លាំង​ផ្នែក​ស្មារតី និង​ចង់​ផ្តោតលើ​ការលេង។ យើង​ពិតជា​ចង់បង្ហាញ​ពី​ទម្រង់​លេង​របស់​យើង​ជាខ្លាំង»៕

ប្រភពពី៖ The Sun

Advertisement