លោក Arsene Wenger សម្រេច​ចិត្ត​ចាក​ចេញ​ពី Arsenal នៅ​​ចុង​រដូវ​កាល​នេះ

Thierry Henry អតីត​តារាឆ្នើម​របស់ Arsenal បាន​ចាត់​ទុក​កេរ​ដំណែល​របស់​លោក Arsene Wenger ជា «លទ្ធ​ផល​មិន​អាច​តាម​ស្មើ​បាន» បើ​ទោះ​បី​​ជួបនឹង​ភាព​ត្រដាប​ត្រដួស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏ដោយ ខណៈ​ដែល​អ្នក​ចាត់​ការ​ទូទៅ​រូប​នេះបានប្រកាស​កាលពី​ថ្ងៃ​សុក្រ​​ថា លោក​នឹង​ចាក​ចេញពី​តំណែង​របស់​លោក ក្រោយពី​ដឹក​នាំ​ក្លិប​របស់​ក្រប​ខ័ណ្ឌ Premier League បាន​រយៈពេល​ 22​ឆ្នាំ​។

គ្រូបង្វឹក​វ័យ​ 68​ឆ្នាំ​រូបនេះបាន​ចូល​រួម​ជាមួយ​នឹងក្លិប Arsenal ក្នុង​ឆ្នាំ​1996 ក្នុង​នាម​ជា​គ្រូបង្វឹក​មិន​​​មាន​ភាពល្បីល្បាញម្នាក់ ប៉ុន្តែក្រោយ​មកត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ចាត់​ការ​ទូទៅ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​​របស់​ក្លិប ក្រោយពី​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Premier League 3លើក និង​ពាន FA Cup 7​លើក​​។ លោក Wenger ដែល​​បាន​ឈ្នះ​​ទាំង​ពានក្រប​ខ័ណ្ឌ Premier League និង​ពាន FA Cup ក្នុង​រដូវ​​កាល​ទី​1 ​របស់​លោក​នៅ​អង់គ្លេស​ ត្រូវ​បាន​ចាត់​ទុក​ថា ជា​​​អ្នក​មាន​គំនិត​ច្នៃ​ប្រឌិត​ម្នាក់ ​នៅ​ឆ្នាំ​ដំបូង​របស់​លោក ហើយ​ការ​ប៉ះ​ទង្គិច​គ្នា​របស់​លោក​ជាមួយ​នឹង​អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Manchester United លោក Alex Ferguson បានក្លាយ​ជា​​រឿង​ដ៏គួរ​ឱ្យ​ចង​ចាំ​មួយ​។

លោក Wenger បាន​ឱ្យដឹង​ក្នុង​សេចក្តី​ប្រកាសមួយ​ដែល​​ត្រូវ​បាន​បង្ហោះ​​នៅលើ​គេហ​ទំ​ព័រ​របស់​ក្លិប​ថា៖ «ក្រោយពី​ការ​ពិចារ​ណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​បន្ទាប់​ពី​ការ​ពិភាក្សា​ជាមួយ​នឹងក្លិប​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ជា​ពេល​​វេលា​ដ៏​ត្រឹម​ត្រូវ​​សម្រាប់​ខ្ញុំ​ក្នុង​ការ​លា​លែង​ពី​តំណែង​នៅ​ចុង​រដូវកាល​នេះ​»​៕

ប្រភពពី៖ Channel News Asia

Advertisement