លោក Klopp ជំរុញ​ឱ្យ Liverpool ផ្តល់​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់ Roma នៅ​រាត្រី​នេះ

លោក Jurgen Klopp បាន​បញ្ចេញ​សារ​មួយ​ដើម្បី​ជំ​រុញឱ្យ​អ្នកគាំទ្រ​របស់​ក្រុម Liverpool ទទួល​ក្រុម Roma ជា​ភ្ញៀវ និង​បង្ហាញ «ពី​ភាពល្អ​ឥតខ្ចោះ​របស់​យើង​ទៅកាន់​ពិភពលោក» នៅពេលដែល​ក្រុម​ទាំង2ជួបគ្នា​ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី1 នៅ​រាត្រី​នេះ។

ក្រុមប្រឹក្សា​របស់​ក្លិប Liverpool ក៏​កំពុងតែ​បង្ហាញ​ពី​ការធ្វើ​បដិសណ្ឋារកិច្ច​របស់ខ្លួន​ផងដែរ តាមរយៈ​ការដាក់​តាំង​សញ្ញា​ដែល​សរសេរថា «Benvenuti a Liverpool» ក្នុង​ពណ៌​របស់​ក្រុម Roma ជុំវិញ​ទីក្រុង និង​បាន​ជួល​ក្រុម​តន្ត្រី​មួយក្រុម ដើម្បី​ប្រគំ​ស្វាគមន៍​អ្នកគាំទ្រ​អ៊ីតាលី​ចំនួន 1,000នាក់​ដែល​ត្រូវបាន​រំពឹងទុក​ថា នឹង​ឆ្លងកាត់​តាមរយៈ​អាកាសយានដ្ឋាន John Lennon Airport នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ការខិតខំ​ព្យាយាម​នេះ គឺ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​នៃ​ក្របខ័ណ្ឌ​អឺរ៉ុប នៅ​ខាងក្រៅ​កីឡដ្ឋាន Anfield ក្រោយពី​ការជួប​ឧប្បត្តិហេតុ​ទៅលើ​រថយន្តក្រុង​របស់​ក្រុម Man City កាលពីពេល​កន្លងមក។ ប៉ុន្តែ នៅក្នុង​ខាងក្នុង​កីឡដ្ឋាន Liverpool វិញ ពួកគេ​ចង់បាន​បង្ហាញ​ពី​ការស្រេកឃ្លាន​ដូចគ្នា ទាំងពី​នាក់​គាំទ្រ និង​កីឡាករ។ លោក Klopp បាន​ឱ្យុ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «នៅក្នុង​កីឡដ្ឋាន សូម​ធ្វើឱ្យ​បានល្អ​ម្តងទៀត។

នៅ​ខាងក្រៅ​កីឡដ្ឋាន សូម​បង្ហាញ​ពី​ការគោរព​ដែល​យើង​ត្រូវតែ​បង្ហាញ។ នេះ​គឺជា​កីឡាបាល់ទាត់​ដ៏​អស្ចារ្យ ជា​គ្រួសារ​កីឡាបាល់ទាត់​ដ៏​អស្ចារ្យ​មួយ មាន​ភាពល្បីល្បាញ​សម្រាប់​បរិយាកាស​ដ៏​អស្ចារ្យ​ទូទាំង​ពិភពលោក ហេតុនេះ យើង​មិនចាំបាច់​គប់​អ្វី​ទៅលើ​រថយន្តក្រុង​របស់​ក្រុម​ជា​គូប្រជែង​ឡើយ»។ Liverpool បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការប្រកួត​នៅ​រាត្រី​នេះ តាមរយៈ​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 នៅលើ​ទឹកដី​ក្រុម West Brom កាលពី​ថ្ងៃ​សៅរ៍ ខណៈដែល Salah បាន​ស៊ុត​បាល់​បញ្ចូល​ទី 1គ្រាប់។

ក្រុម Roma ក៏​នឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ទាំង​ការជឿជាក់​ផងដែរ ក្រោយពី​បាន​ផ្តួល​ក្រុម SPAL 3-០ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Serie A កាលពី​ចុង​សប្តាហ៍ថ្មីៗនេះ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 1:45ទៀបភ្លឺ៕

ប្រភពពី៖ The Guardian

Advertisement