Real Madrid ព្រមាន​ថា Gareth Bale នឹងត្រូវ​លក់​ក្នុងតម្លៃ​ខ្លួន 2០០លាន​ផោន

ក្លិប Real Madrid បានធ្វើការ​ព្រមាន​ដល់​ក្លិបធំៗទាំងឡាយ​ថា ខ្លួន​ចង់បាន​តម្លៃ​ខ្លួន​ចំនួន 2០០លាន​ផោន (ស្មើនឹង 266លាន​ដុល្លារ​អាមេរិក) សម្រាប់ Gareth Bale។

ការដាក់​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​នេះ នឹង​ក្លាយជា​ការខកចិត្ត​ដ៏​ធំ​មួយ​សម្រាប់ Manchester United ដែល​កំពុងតែ​ត្រៀមលក្ខណៈ​រួចរាល់​ជាមួយនឹង​សំណើ​ដេញថ្លៃ​ចំនួន 7០លាន​ផោន សម្រាប់​តារា​ឆ្នើម​អន្តរជាតិ​វេ​លស៍ វ័យ 28ឆ្នាំ​រូបនេះ។

Bale បាន​ចំណាយពេល​ភាគច្រើន​នៃ​រដូវ​កាល​នេះ ក្នុងនាម​ជា​កីឡាករ​បម្រុង​សម្រាប់ Real ប៉ុន្តែ​បានក្លាយ​ជាតា​រា​ឆ្នើម​ប្រចាំ​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ផ្តាច់ព្រ័ត្រ ពោលគឺ​ក្នុងពេលដែល​ក្រុម​គេ​បាន​ផ្តួល​ក្រុម Liverpool តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​ល្អ​ចំនួន 2គ្រាប់​របស់គេ។

ក្រុម​ដ៏​ធំ​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការមិន​អនុញ្ញាតឱ្យ Gareth Bale ចាកចេញ​ក្នុងតម្លៃ​ខ្លួន​ដ៏​ទាប​ឡើយ។ ក្រុម Man United របស់លោក Jose Mourinho នឹង​ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការរៀបចំ​រចនាសម្ព័ន្ធ​នៃ​កញ្ចប់​ថវិកា​របស់​ពួកគេ​នា​កីឡដ្ឋាន Old Trafford ដើម្បី​នាំយក  Bale ខណៈដែល​ខ្សែប្រយុទ្ធ​អន្តរជាតិ​វេ​លស៍​រូបនេះ​ទទួលបាន​ចំណូល 65ម៉ឺន​ផោន ក្នុង​មួយ​សប្តាហ៍​ស្រាប់​ហើយ នា​កីឡដ្ឋាន Bernabeu។

Bale បានចេញ​ការអំពាវនាវ​មួយ​ថា «មក ហើយ​យក​ខ្ញុំ​ទៅ!» ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការ​ស៊ុត​បាល់​បក​រំលង​ក្បាល ក្នុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 3-1 លើ​ក្រុម Liverpool ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ផងដែរ៕

ប្រភពពី៖ Daily Star

Advertisement