លោក Allegri ជំរុញឲ្យ Juventus ដណ្តើមយកពាន Serie A ថ្ងៃអាទិត្យនេះឱ្យបាន

លោក Massimiliano Allegri បានជំរុញឲ្យក្រុមដែលកំពុងប្រមាញ់រកការឈ្នះពាន៣ Juventus របស់លោក លុបចោលនូវការភិតភ័យផ្សេងៗ នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Real Madrid នាខែក្រោយ តាមរយៈការឈ្នះពានក្របខ័ណ្ឌ Serie A នៅថ្ងៃអាទិត្យនេះឱ្យបាន ក្រោយពីបានលើកពាន Italian Cup បានមួយហើយ។

ក្រោយពីបានឈ្នះពានក្របខ័ណ្ឌ Champions League ត្រឹមតែ២លើកគត់ក្នុងចំណោមការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ៨លើក ក្រុមយក្សដែលមានមូលដ្ឋាននៅទីក្រុង Turin មួយនេះ កំពុងតែប្តេជ្ញាចិត្តថា នឹងធ្វើការស្តារមុខមាត់សម្រាប់ការចាញ់យ៉ាងអាម៉ាស់ក្នុងលទ្ធផល ៣-១ ក្រោមស្នាដៃក្រុម Barcelona កាលពីឆ្នាំ២០១៥ នៅពេលដែលពួកគេត្រូវជួបជាមួយនឹងក្រុមម្ចាស់ជើងឯក១១សម័យកាល Real Madrid ក្នុងទីក្រុង Cardiff នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ។

ក្រុមសេះបង្កង់ Juventus បានបោះជំហានឆ្ពោះទៅកាន់ការឈ្នះទាំងពានលីក និងពាន Italian Cup ក្នុងរដូវកាលតែមួយជាលើកទី៣ជាប់ៗគ្នា កាលពីថ្ងៃពុធ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Lazio ក្នុងការប្រកួតពាន Italian Cup វគ្គផ្តាច់ព្រ័ត្រ ខណៈដែលខ្សែការពារ Dani Alves និង Leonardo Bonucci សុទ្ធសឹងរកបានគ្រាប់បាល់បញ្ចូលទី ព្រមទាំងបានបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំនៅកីឡដ្ឋាន Stadio Olimpico។ ប៉ុន្តែ ការរងបរាជ័យរបស់ក្រុម Juventus នៅលើទឹកដីក្រុម Roma កាលពីសប្តាហ៍មុន ដែលកាលនោះពួកគេបានចាញ់ក្នុងលទ្ធផល ៣-១ បានរារាំងមិនឲ្យក្រុមរបស់លោក Allegri លើកពានកំពូល(serie A)របស់អ៊ីតាលី ជាបណ្តោះអាសន្ន។

ដោយសារតែក្រុម Juventus ត្រូវប្រកួតជាមួយនឹងក្រុមស្ថិតក្នុងតំបន់កាត់ចោល Crotone នោះមានន័យថា ក្រុមម្ចាស់ផ្ទះកំពុងតែមានប្រៀបក្នុងការឈ្នះនៅថ្ងៃអាទិត្យនេះ។ Juventus នឹងធ្វើដំណើរទៅកាន់ការប្រកួតនេះ ដោយដឹងថា ការដណ្តើមបានជ័យជម្នះនឹងធ្វើឲ្យពួកគេលើកពាន Serie A ក្រោយពីពួកគេបាននាំមុខដល់ទៅ៤ពិន្ទុដាច់នៅលើកំពូលតារាង ខណៈដែលនៅសល់ត្រឹមតែ២ប្រកួតទៀតប៉ុណ្ណោះ នៅរដូវកាលនេះ។ ក្រុម Juventus មិនស្គាល់ចាញ់សោះពីការប្រកួតលីកក្នុងផ្ទះខ្លួនឯង៥លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះដល់ទៅ៤លើក និងស្មើ១លើក។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៩យប់៕
ប្រភពពី៖ Daily Star

Advertisement