ខ្សែបម្រើប្រយុទ្ធ AjayiGbenga Samuel ត្រឡប់ចូលបឹងកេតវិញ ក្រោយពីលេងឲ្យអាស៊ីអឺរ៉ុប អស់កន្លះឆ្នាំ

បើយោងតាមសេចក្ដីជូនដំណឹងកាលពីព្រឹកមិញនេះរបស់ក្លឹបបាល់ទាត់បឹងកេតបានឱ្យដឹងថា៖ AjayiGbenga Samuel បានវិលមករួមរស់ជាមួយទ្រនំចាស់ គឺក្រុមបឹងកេត អែហ្វស៊ី វិញហើយ បន្ទាប់ពីកីឡាករស្បែកខ្មៅរូបនេះបានទៅលេងឲ្យក្រុមអាស៊ីអឺរ៉ុបពេញមួយពាក់កណ្ដាលរដូវកាលនៃលីកកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ២០១៧នេះរួចមក។

ការវិលត្រឡប់របស់ Gbenga Samuel នេះគឺជាការរួមចំណែកដ៏សំខាន់មួយសម្រាប់ក្រុមបឹងកេតដែលកំពុងឈរលើលេខរៀងទី៤ក្នុងតារាងចំណាត់ថ្នាក់បណ្ដោះអាសន្នជើងទី១នៃលីកកំពូលកម្ពុជារដូវកាលថ្មីនេះ។ យ៉ាងណាមិញក្លឹបពុំបានបញ្ជាក់ពីតម្លៃខ្លួនក្នុងការកិច្ចសន្យានាំយក Gbenga Samuel ពីក្លឹបអាស៊ីអឺរ៉ុបត្រឡប់ទៅវិញនេះឡើយ ។

គួរបញ្ជាក់ថា មុនពេលផ្លាស់ទៅលេងឲ្យក្រុមអាស៊ីអឺរ៉ុបពេញមួយរយៈពេលនៃជើងទី១នៃលីគកំពូលកម្ពុជាឆ្នាំនេះ Gbenga Samuel ធ្លាប់បានលេងឲ្យក្រុមបឹងកេត២រដូវកាលមកហើយកាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដោយធ្លាប់ជួយក្រុមមានប្រភពមកពីខេត្តកំពង់ចាមមួយនេះឱ្យឡើងដល់វគ្គផ្ដាច់ព្រ័ត្រពាន Toyota Mekong Club 2015 និងឈ្នះជើងឯកលីកកំពូលកម្ពុជា ឆ្នាំ២០១៦៕

Advertisement