រាជ សុផែន៖ គង់ សំបូរអាចនឹងលែងមានឱកាសវាយជាមួយបរទេស

លោក រាជ សុផែន ដែលជាមន្ត្រីផ្គូផ្គងកីឡាប្រដាល់ នៅតាមសង្វៀនទូរទស្សន៍រៀងរាល់សប្ដាហ៍នោះ បាននិយាយបែបនេះ នៅពេលដែលមើលឃើញពីការប្រកួតរបស់អ្នកប្រដាល់គង់ សំបូរ ជាមួយនឹងកីឡាករបរទេសមានការធ្លាក់ចុះខ្លាំង។

ការបាត់បង់ឱកាសបែបនេះ គឺដោយសារតែអ្នកប្រដាល់រូបនេះពេលប្រកួតជាមួយបរទេសបែរជាវាយមិនបានល្អហើយបង្ហាញនូវការចាញ់ប្រៀបគូប្រកួតតែម្ដង។ គួរបញ្ជាក់ដែរថា សំបូរជាអ្នកប្រដាល់ដែលវាយកែងបានល្អ ហើយជង្គង់ ទាត់ និងកណ្ដាប់ដៃរបស់គេក៏មិនអន់ដែរ។ គេវាយបានល្អពេលប្រកួតជាមួយអ្នកប្រដាល់ខ្មែរគ្នាឯង តែពេលប្រកួតជាមួយអ្នកប្រដាល់ថៃ គេបែរជាធ្វើរាងខ្លាចៗទៅវិញ។

លោកបានមានប្រសាសន៍បែបនេះថា៖ អ្នកប្រដាល់គុនខ្មែរគង់ សំបូរនៃសមាគមប្រដាល់ក្រសួងការពារជាតិ គេធ្លាប់ ប្រកួតចុងក្រោយជាមួយនឹងអ្នកប្រដាល់ថៃ Phach Num Ek ដោយប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ នៅក្នុងការប្រកួតនោះសំបូរមិនខុសពីឡើងរេញទៅឲ្យគេវាយនោះឡើយ។ សំបូរបានត្រឹមតែលើកដៃរង និងឱនមុខគេចខ្លាចត្រូវកណ្ដាប់ដៃគូប្រកួតតែប៉ុណ្ណោះ។ ការប្រកួតនោះចៅក្រមទាំង ៥ឲ្យសំបូរចាញ់ទាំង ៥រូប។

ក្រោយការប្រកួត សំបូរនិយាយថាគេហាក់ដូចជាចាញ់ច្រាបគូប្រកួតបន្ទាប់ពីគេធ្លាប់ត្រូវអ្នកប្រដាល់ថៃវាយឲ្យសន្លប់ម្ដងរួចមក។ តែទោះបីយ៉ាងណា លោកសុផែនបាននិយាយថា លោកនៅតែផ្ដល់ឱកាសឲ្យគេបានប្រកួតជាមួយបរទេសដដែលប្រសិនបើគេមានភាពក្លាហានឡើងវិញនោះ៕

Advertisement