Real រំពឹងអាចលើកពាន La Liga នៅថ្ងៃអាទិត្យនេះបើឈ្នះ Malaga

ក្រុមយក្ស Real Madrid កំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការលើកពានក្របខ័ណ្ឌ La Liga ជាលើកទី១របស់ពួកគេក្នុងរយៈពេល៥ឆ្នាំ នៅថ្ងៃអាទិត្យស្អែកនេះ ខណៈដែលក្រុមរបស់លោក Zinedine Zidane នេះកំពុងនាំមុខ៣ពិន្ទុដាច់លើក្រុម Barcelona នៅមុនពេលឈានដល់ថ្ងៃប្រកួតចុងក្រោយនៃរដូវកាលនេះ តែទាំងអស់នេះ Barca ត្រូវតែផ្តួលក្រុម Eibar ក្នុងផ្ទះខ្លួនឯងឱ្យបានជាមុនសិនដើម្បីទទួលបានឱកាសមួយ ក្នុងការលើកពានក្របខ័ណ្ឌកំពូលអេស្ប៉ាញជាលើកទី៣ជាប់ៗគ្នា មុននឹងលោក Luis Enrique ចាកចេញនៅកីឡដ្ឋាន Camp Nou នៅចុងរដូវកាលនេះ។

ឯ Real វិញកំពុងស្ថិតក្នុងទម្រង់លេងយ៉ាងរឹងមាំ ខណៈកំពុងបោះជំហានឆ្ពោះទៅកាន់ការលើកពាន តាមរយៈការផ្តួលក្រុម Sevilla និង Celta Vigo ក្នុងលទ្ធផល ៤-១ ដូចគ្នា កាលពីសប្តាហ៍មុន ស្របពេលដែលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី២គ្រាប់។ ក្រោយពីដណ្តើមបានជ័យជម្នះលើក្រុម Celta លោក Zidane បានធ្វើការព្រមានថា៖ «យើងត្រូវតែបន្តនូវអ្វីដែលយើងកំពុងតែធ្វើ ពីព្រោះការប្រកួតលីកនេះមិនទាន់បញ្ចប់នៅឡើយទេ»។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រោយពីចាញ់ក្នុងការប្រកួតលីកត្រឹមតែ៣លើកនៅរដូវកាលនេះ វានឹងក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយប្រសិនបើក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ១១ Malaga បានផ្តល់ការខកចិត្តមួយទៀតដល់ក្រុម Real នៅដំណាក់កាលចុងក្រោយនោះ។

ក្រុម Malaga ក៏កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អក្នុងក្របខ័ណ្ឌ La Liga នេះផងដែរ ក្រោយពីដណ្តើមបាន១៣ពិន្ទុពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ។ Malaga ក៏បានធ្វើឲ្យក្រុម Real ព្រួយបារម្ភផងដែរ ក្រោយពីបានផ្តួលក្រុម Barcelona ក្នុងលទ្ធផល ២-០ កាលពីខែមុន។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕
ប្រភពពី៖ Daily Star

Advertisement