អ៊ុយ​រូ​ហ្គាយ និង​រុស្ស៊ី ទៅ​វគ្គ​១៦ ខណៈ​ព័រ​ទុយ​ហ្គាល់ និង​​អេ​​ស្ប៉ាញ ឈ្នះ​ទាំង​ព្រលឹង​​ចុង​សក់

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ បាន​ឈ្នះ​កៅ​អី​របស់​ខ្លួន​ទៅ​វគ្គ​ 16​ក្រុម​ចុងក្រោយ ខណៈ​ដែល​នៅ​សល់​ 1​ប្រកួត​ទៀត​ក្នុង​ពូល A ក្រោយពីពួក​គេ​បាន​ផ្តួលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត ក្នុង​លទ្ធ​ផល 1-០ ក្នុង​ការ​ប្រកួត​កាល​​ពី​ថ្ងៃពុធ​។

ខ្សែ​ប្រយុទ្ធ Luis Suarez បាន​រក​គ្រាប់​បាល់​ឈ្នះ​នោះ ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​អន្តរ​ជាតិ​ជាលើក​ទី​1០០​របស់​គេក្នុង​ទីក្រុង Rostov-on-Don​។ ក្រុម​​របស់​​អាមេរិក​ខាង​ត្បូង​មួយ​នេះនឹង​ត្រូវ​ជួប​ក្រុមម្ចាស់​ផ្ទះក្នុ​ងការ​ប្រកួត​ជុំ​ចុង​ក្រោយ​នៃពូល A របស់​ពួក​គេ នា​ថ្ងៃ​ទី​25 ខែមិថុនា ដើម្បី​ប្រជែង​ដណ្តើម​​ចំណាត់​ថ្នាក់​លេខ​1​ ក្នុង​ពូល ស្រប​ពេល​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេ​ហ្ស៊ីប និង​អា​រ៉ា​ប៊ី​សា​អ៊ូឌីត ត្រូវ​បាន​កាត់​ចេញ ក្រោយពី​ក្រុម​ទាំង​2 សុទ្ធ​តែ​បរា​ជ័យទាំង​ 2លើក​ដូច​គ្នា​។ រុស្ស៊ី និង​អ៊ុយ​រូ​ហ្គាយ នឹង​ត្រូវ​ជួប​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ឈរ​លើ​កំពូល​តារាង​នៃ​ពូល B ក្នុង​​វគ្គ​ 16​ក្រុមចុង​ក្រោយ អាច​ជា​អេ​ស្ប៉ាញ ព័រ​ទុយ​​ហ្គាល់ ឬ​អ៊ី​រ៉ង់​​។ស្រប​ពេល​ជាមួយ​គ្នានេះ លោក Fernando Hierro គ្រូបង្វឹក​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អេ​ស្ប៉ាញ បាន​ទទួល​ស្គាល់​ថា ក្រុម​របស់​លោក​​បាន​ស្ថិតនៅលើ​ខ្សែ​ពួរ នៅ​មុន​​ពេល​គ្រាប់​បាល់​នាំ​​សំណាង​របស់​​ខ្សែ​ប្រយុទ្ធ Diego Costa បាន​ជួយ​ឱ្យ​ពួក​គេ​កត់​ត្រា​ជ័យ​ជម្នះ​ជា​លើកទី​1​របស់​ពួក​គេ​ក្នុ​ងយុទ្ធ​នា​ការ World Cup កាលពីថ្ងៃ​ពុធ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់ ស្ទើរ​តែ​បាន​​បង្កើត​ភាព​អស្ចារ្យមួយបាន​ទៅហើយ​។ ដោយ​​ឡែក ក្នុង​ការ​ប្រកួត​ពូល B ដូច​គ្នា​នេះ រយៈ​ពេល​ 5​ថ្ងៃ ក្រោយពី​​ការរក​​បាន​គ្រាប់​បាល់​ 3​គ្រាប់​របស់​ Ronaldo ដែលបាន​​ជួយ​សង្គ្រោះ​ក្រុម​ព័រ​ទុយ​​ហ្គាល់ នៅ​ពេល​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ 3-3 ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ កាលពីថ្ងៃ​បើកឆាកនោះ គ្រាប់​បាល់​តែត​បញ្ចូល​ទី​នៅ​នាទីទី​4 ​របស់ Cristiano Ronaldo បាន​ជួយ​ឱ្យ​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ 1-០ លើក្រុម​ជម្រើស​ជាតិ​ម៉ា​រ៉ុក ក្នុង​ការ​ប្រកួត​ពូល B នា​​ទីក្រុង​ម៉ូ​ស្គូ​តែម្តង​៕
ប្រភព​ពី​៖ Channel News Asia

Advertisement