Everton ខិត​កាន់​តែ​កៀក​ក្នុង​ការ​នាំ​យក Richarlison ពី Watford ក្នុង​តម្លៃខ្លួន​ 50​លាន​ផោន

ក្លិប​ទូក​ក្តោង Everton កំពុងស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​​ប្រយុទ្ធ​ប្រេស៊ីល Richarlison ពី​ក្លិប Watford ក្នុង​ការ​ផ្ទេរ​មួយ​ដែលអាច​នឹង​មាន​តម្លៃខ្លួន​ដល់​ទៅ​ 50​លានផោន (ស្មើ​នឹង​65,66​លាន​ដុល្លារ​អាមេរិក)​។

Richarlison បាន​ចុះហត្ថលេ​ខា​​រយៈពេល​ 5​ឆ្នាំ​​ជាមួយ​នឹង Watford កាល​ពី​ខែ​សីហា ឆ្នាំ​2017 ក្រោយ​ពី​បានផ្ទេរ​មក​ពី​ក្លិប Fluminense សម្រាប់​តម្លៃខ្លួន​​11.5​លាន​ផោន បន្ទាប់​ពី​​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អក្នុង​ព្រឹត្តិការណ៍ Under-20 World Cup​។ លោក Marco Silva គ្រូបង្វឹក​របស់​ក្រុម Everton គឺ​ជា​​សមា​ជិក​នៃ​​ផ្នែក​ចាត់​ការ​ទូទៅ​​របស់​ក្លិប Watford ដែល​បាន​នាំ​យក Richarlison ទៅកាន់​កីឡដ្ឋាន Vicarage Road​។ ខ្សែ​ប្រយុទ្ធ​វ័យ​ 21​ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 5​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ 12លើក​ដំបូង​របស់​គេ​ក្នុង​ក្រប​ខ័ណ្ឌ Premier League នៅមុន​ពេល​ទម្រង់​លេង​របស់​គេ​បាន​ធ្លាក់​ចុះ​វិញ​។

តម្លៃខ្លួន​ជា​កំណត់​ត្រា​នៃ​​ការ​ទិញ​ចូល​កីឡាករ​របស់ Everton គឺ Gylfi Sigurdsson ដែល​បាន​ផ្ទេរ​មក​ពី​ក្លិប​ Swansea កាលពី​ខែ​សីហា ឆ្នាំ​2017 ក្នុង​តម្លៃខ្លួន​ 45​លាន​ផោន​។ Richarlison មិន​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សោះ​ចាប់​​តាំង​ពីខែ​វិច្ឆិកា ប៉ុន្តែ លោក Silva មាន​បំណង​ចង់​នាំ​យក​រូប​គេ​ទៅកាន់​កីឡដ្ឋាន Goodison Park ចាប់​តាំង​ពី​លោក​បាន​ចូល​ជំនួស​កន្លែង​របស់​លោក Sam Allardyce កាល​ពី​ថ្ងៃ​ទី​31 ខែ​ឧសភា​។

ការ​ពិភាក្សា​ផ្សេង​ៗ​​ជុំ​វិញ​ការ​ផ្ទេរ​នេះបាន​បន្ត បើ​ទោះ​បី​ Everton មិន​មាន​​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹងក្លិប Watford ចាប់​តាំងពី​មិន​អាច​នាំ​យក​លោក Silva ដែល​កាល​នោះ​កំពុងដឹកនាំ​នៅកីឡដ្ឋាន Vicarage Road ទៅកាន់​កីឡដ្ឋាន Goodison Park ក្រោយពី​ការ​ចាក​ចេញ​របស់​លោក Ronald Koeman កាល​ពីខែ​តុលា ឆ្នាំ​2017 ក៏ដោយ​៕

ប្រភព​ពី៖ BBC

Advertisement