ភ្នាក់ងារ៖ Man United និង Griezmann បានព្រមព្រៀងលើហិរញ្ញវត្ថុរួចជាស្រេច

ក្រុម​​បិសាច​ក្រហម Manchester United និង​​ខ្សែ​ប្រយុទ្ធ​ស្ថិតក្នុង​​រ៉ា​ដា​របស់​ពួក​​គេ​គឺ Antoine Griezmann បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​លើ​ហិរញ្ញ​វត្ថុ​រួច​ជា​​ស្រេច​។ នេះ​បើយោង​ទៅ​តាម​ការ​អះ​អាង​របស់ភ្នាក់​ងារ​ម្នាក់​។

តម្លៃ​ខ្លួន​ទិញ​រំ​លាយ​កិច្ច​សន្យា​ក្នុង​ទឹក​ប្រាក់​៨៤​លាន​ផោន (ស្មើ​នឹង​១០៧,៤​លាន​ដុល្លារ​អាមេ​រិក) ត្រូវ​បាន​កំណត់​ទៅ​លើ​​តា​រាឆ្នើម​អន្តរ​ជាតិ​បារាំង​រូប​នេះ ដែល​ជា​គោល​ដៅ​របស់​​ក្លិប​ធំ​ៗ​​ភាគ​ច្រើន​នៅ​អឺ​រ៉ុប ជា​ពិសេស​ក្លិប Paris Saint-Germain និង​ក្លិប Real Madrid​។ កីឡាករ​រូប​នេះ​បាន​បញ្ជាក់​​ថា រូប​គេ​មិន​​ចង់​ចាក​ចេញ​ពី​ក្លិប Atletico Madrid ឡើយ ប៉ុន្តែ លោក Vincent Rodriguez ដែល​ជា​ភ្នាក់​ងារ​​ត្រូវ​បាន​​ទទួល​ស្គាល់​ដោយ FIFA បាន​អះ​អាង​ថា កិច្ច​ព្រម​ព្រៀង​រវាង​ក្រុម​បិសាច​ក្រហម និង Griezmann ស្ទើរ​​តែ​បំពេញ​​រួច​ជា​ស្រេច​។ លោក Rodriguez បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម Twitter ថា៖ «កិច្ច​ព្រម​ព្រៀង​ផ្នែក​ហិរញ្ញវ​ត្ថុ​រវាង​ក្លិប Atletico Madrid និង Manchester United អំពី​ការ​ចុះ​ហត្ថ​លេខា​ជា​មួយ​នឹង Griezmann បាន​ឈាន​ដល់​រួច​ជា​ស្រេច​»​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក Eric Olhats ដែល​ជា​ទី​ព្រឹក្សា​របស់​លោក Griezmann ក៏​ត្រូវ​បាន​គេ​ដក​ស្រង់​​សម្តី​ផងដែរ ខណៈដែល​លោក​បាន​អះ​អាង​ថា Man United គឺ​ជា​ក្លិប​ទី​១​មួយ​ដែល​បាន​ដាក់​សំណើ​ជា​ផ្លូវ​ការ ក្រោម​ការ​ចាប់​អារម្មណ៍​​ដ៏​រឹង​មាំ​បំផុត​។ លោក Olhats បាន​និយាយ​ថា ការ​អះ​អាង​ថា Griezmann មិន​ចង់​​ចាក​​ចេញ​ពី​ក្លិប Atletico នោះ គឺ​ជា​រឿង​មិន​ពិត​ឡើយ​។ ការ​ឈ្នះ​កៅអី​ទៅ​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ Champions League របស់​ក្រុម Manchester United នា​រដូវ​កាល​ក្រោយ តាម​រយៈ​ការ​ឈ្នះ​ពាបន Europa League ឬ តាម​​​រយៈ​ការ​បញ្ចប់​ក្នុង​​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤ នឹង​ក្លាយ​ជា​​ចំណុច​ដ៏​សំខាន់​ក្នុង​ការ​​នាំ​យក Griezmann​៕

ប្រភព​ពី៖ The Mirror

Advertisement