Man City ឈ្នះ​ពាន Commity Shield ខណៈ Aguero ផ្តល់​ការខកចិត្ត​ដល់​លោក Sarri

ក្រុម Manchester City ហាក់​បានបង្ហាញ​ពី​ការត្រៀម​លក្ខណៈ​រួចរាល់​របស់ខ្លួន​ក្នុងការ​ការពារ​ពាន​ក្របខ័ណ្ឌ Premier League ដែល​នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ ក្រោយពី​ពួកគេ​បាន​ផ្តួល​ក្រុម Chelsea ដែលជា​ម្ចាស់​ជើងឯក FA Cup ក្នុង​លទ្ធផល 2-០ កាលពី​ថ្ងៃអាទិត្យ តាមរយៈ​គ្រាប់​បាល់​ទាំង 2គ្រាប់​របស់​ខ្សែប្រយុទ្ធ Sergio Aguero។

នៅ​ថ្ងៃ​នៃ​ការ​ភ្លក្ស​រសជាតិ​ជា​លើក​ទី1 ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់ Chelsea លោក Maurizio Sarri ដែល​ត្រូវបានតែងតាំង​ជំនួស​កន្លែង​របស់លោក Antonio Conte សម្រាប់​រដូវក្តៅ​នេះ ក្រុម Chelsea បាន​ធ្លាក់​ក្រោម​ការគ្រប់គ្រង​ទាំងស្រុង​របស់​ក្រុម Man City ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក Premier League។

ក្រោយពី​បាន​លើក​ពាន​កាលពី​រដូវ​កាល​មុន​ជាមួយនឹង​ពិន្ទុ​ដ៏​ខ្ពស់ជាង​កំណត់ត្រា ក្រុម​របស់លោក Pep Guardiola បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​តាមរយៈ​កីឡាករ Aguero ដែល​បាន​ពង្រឹង​ការគ្រប់គ្រង​របស់​ក្រុម Man City ជាមួយនឹង​គ្រាប់​បាល់​ទី2 ក្រោយពី​សម្រាក​តង់​ទី1។

ទាក់ទង​នឹង​ការវិល​ទៅរក​ភាពខ្លាំងភ្លាមៗរបស់​ក្រុម​លោក​បន្ទាប់ពី World Cup លោក Guardiola បានឱ្យដឹងថា៖ «វា​មិនមែនជា​រឿង​ងាយ​ឡើយ​សម្រាប់​យើងទាំងអស់គ្នា វា​មាន​ភាពស្មុគស្មាញ ប៉ុន្តែ​ក្រោយពី​សម្រាក​ពី​ការលេង ពួកគេ​បានបង្ហាញ​ពី​ការ​ប្រជែង​ដ៏​ស្វិតស្វាញ។ ខ្ញុំ​ពិតជា​គោរព​ពួកគេ»។

ទោះបីជា​យ៉ាងណា ក្រុម​ចុងក្រោយ​គេ​ដែល​បានឈ្នះ​ពាន Community Shield ហើយ​បន្ត​ធ្វើដំណើរ​ទៅលើ​កពាន Premier League គឺ​ក្រុម Manchester United ក្នុង​រដូវ​កាល​ឆ្នាំ2010-2011៕

ប្រភពពី៖ Sky Sports

Advertisement