លោក Allardyce លាលែងពីតំណែងអ្នកចាត់ការទូទៅរបស់ Crystal Palace

លោក Sam Allardyce បានប្រកាសកាលពីថ្ងៃអង្គារថា លោកបានចុះចេញពីតំណែងអ្នកចាត់ការទូទៅរបស់ក្រុម Crystal Palace ហើយ ដោយសារតែហេតុផលគ្រួសារក្រោយពីកាន់តំណែងបានរយៈពេលត្រឹមតែ ៥ ខែប៉ុណ្ណោះក្នុងក្លិបរបស់ក្របខ័ណ្ឌ Premier League មួយនេះ។

គ្រូបង្វឹកវ័យ៦២ឆ្នាំដែលបានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសត្រឹមតែ១ប្រកួតនោះ បាននិយាយថាលោកមិនមានមហិច្ឆតាក្នុងការទទួលការងារផ្សេងឡើយ ដោយបានទទួលស្គាល់ថា លោកពិតជាដឹងគុណដល់ក្លិប Crystal ដែលបានផ្តល់ឱកាសឲ្យលោកក្នុងការស្តារកេរិ៍្តឈ្មោះរបស់លោកត្រឡប់មកវិញ។ លោក Allardyce បានចូលកាន់តំណែងនេះក្នុងក្លិប Crystal Palace បន្ទាប់ពីការចាកចេញរបស់លោក Alan Pardew កាលពីខែធ្នូ ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំកន្លះ និងបានជួយឲ្យក្រុមមានរហស្សនាមថា ឥន្ទ្រីកំណាចមួយនេះ ឈ្នះ៨លើក ក្នុងចំណោមការប្រកួត២១លើក និងពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៤ នៅលើតារាងនៃក្របខ័ណ្ឌ Premier League។

ក្រោយពីកិច្ចពិភាក្សាផ្សេងៗជាមួយនឹងលោក Steve Parish ដែលជាប្រធានក្លិបរួចមក លោក Allardyce បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ពេលខ្លះ នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែពេលខ្លះនេះគឺជាការសម្រេចចិត្តដ៏សាមញ្ញមួយ»។ គ្រូបង្វឹកចាស់វស្សារូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំតែងតែដឹងគុណដល់ក្លិប Crystal Palace និងលោក Steve Parish ចំពោះការផ្តល់ឱកាសឲ្យខ្ញុំក្នុងការចាកចេញទាំងភាពរីករាយ ក្រោយពីបានជួយឲ្យក្លិបនេះរក្សាវត្តមានរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League»៕
ប្រភពពី៖ Reuters

Advertisement