Defoe ត្រៀមវិលទៅកាន់ក្លិប Bournemouth វិញ ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ

ខ្សែប្រយុទ្ធ Jermain Defoe នឹងត្រូវចូលរួមជាមួយក្លិប Bournemouth ក្រោយពីចាកចេញពីក្លិបឆ្មាខ្មៅ Sunderland ដោយគ្មានតម្លៃខ្លួន ខណៈដែលរូបគេនឹងត្រូវចុះហត្ថលេខាលើកុងត្រារយៈពេល៣ឆ្នាំដែលនឹងធ្វើឲ្យរូបគេទទួលបានចំណូល២០លានផោន (ស្មើនឹង២៦លានដុល្លារអាមេរិក)។ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំដែលបានបង្ហាញខ្លួនក្នុងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសចំនួន៥៦លើករូបនេះ បានប្រើប្រាស់លក្ខខណ្ឌរំលាយកិច្ចសន្យារបស់គេជាមួយនឹងក្លិប Sunderland ក្រោយពីក្លិបឆ្មាខ្មៅមួយនេះបានធ្លាក់ចេញពីក្របខ័ណ្ឌកំពូល។

Defoe នឹងត្រូវវិលទៅកាន់ក្លិបមួយដែលរូបគេធ្លាប់បានលេងឲ្យកាលពីពេលចាប់ផ្តើមអាជីពជាលើកដំបូងរបស់គេវិញ។ ខ្សែប្រយុទ្ធរូបនេះដែលកាលនោះស្ថិតក្នុងវ័យ១៨ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងឲ្យក្លិប Bournemouth ក្នុងរដូវកាលឆ្នាំ២០០០-២០០១ ក្នុងនាមជាកីឡាករកម្ចីពីក្លិប West Ham United ហើយរូបគេបានស៊ុតបាល់បញ្ចូលទី១៩គ្រាប់ក្នុងការបង្ហាញខ្លួន៣១លើកសម្រាប់ Bournemouth។ Defoe បានលេងរួមជាមួយនឹងលោក Eddie Howe និង Jason Tindall ដែលបច្ចុប្បន្នគឺជាអ្នកចាត់ការទូទៅ និងជាជំនួយការគ្រូបង្វឹករបស់ក្លិប Bournemouth រៀងៗខ្លួន ហើយរូបគេតែងតែរំឭកដល់ពេលវេលាដ៏រីករាយរបស់គេក្នុងក្លិបមានមូលដ្ឋាននៅលើកោះភាគខាងត្បូងមួយនេះ។

Defoe បានចូលរួមជាមួយនឹងក្លិប Sunderland កាលពីខែមករា ឆ្នាំ២០១៥ ក្រោយពីបានចំណាយពេលមួយរយៈជាមួយនឹងក្លិប Toronto FC ហើយរូបគេត្រូវបានបញ្ចុះបញ្ចូលឲ្យវិលមកអង់គ្លេសវិញកាលពីឆ្នាំមុនដោយលោក Sam Allardyce ដែលជាគ្រូបង្វឹករបស់ Sunderland នៅពេលនោះ។ រូបគេបានយល់ព្រមចូលរួម ដោយមានលក្ខខណ្ឌមួយថា រូបគេអាចចាកចេញពីក្លិបនេះដោយគ្មានតម្លៃខ្លួន ប្រសិនបើពួកគេធ្លាក់ចេញពីក្របខ័ណ្ឌកំពូល៕
ប្រភពព័ត៌មាន៖ The Guardian

Advertisement