ល្ងាចនេះ ៦ក្រុមប្រជែងគ្នាដណ្ដើមកៅអីនៅដំណាក់កាលទី៤ នៃពានរង្វាន់ Hun Sen Cup

នេះជាការប្រកួតដណ្ដើមសិទ្ធិទៅប្រកួតប្រជែងនៅដំណាក់កាលទី៤ នៃពានរង្វាន់ ហ៊ុន សែន ឆ្នាំ២០១៧ ដោយដំណាក់កាលនេះគណៈកម្មការនឹងជ្រើសយកតែ៣ក្រុមប៉ុណ្ណោះសម្រាប់ដំណាក់កាលចុងក្រោយនេះ។

ចំពោះកម្មវិធីប្រកួតជើងទី២នេះ រួមមានក្រុមយុវជនក្រសួងការពារជាតិត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះខេត្តកំពត, ខេត្តកំពង់ឆ្នាំងបើកទ្វារផ្ទះទទួលក្រុមសូលទីឡូអង្គររបស់កីឡាករល្បី Keisuke Honda និងក្រុមអាស៊ីអឺរ៉ុបត្រូវជួបក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ។

ប៉ុន្ដែមុនការប្រកួតជើងទីពីរនេះចាប់ផ្ដើមសូមក្រឡេកមើលលទ្ធផលកាលពីជើងទី១ ដែលក្នុងនោះខេត្តកំពត បានយកឈ្នះម្ចាស់ផ្ទះក្រសួងការពារជាតិ ១-០, សូលទីឡូអង្គរលត់ខេត្តកំពង់ឆ្នាំងដល់ទៅ ៧-១ និងអាស៊ីអឺរ៉ុប យកឈ្នះស៊ីម៉ាក់ ៣-០ ។

ដូច្នេះល្ងាចនេះ គឹជាការប្រកួតកាត់សេចក្ដីតាមរយៈការបូកសរុបគ្រាប់បាល់ជាមួយលទ្ធផលជើងទី១ ដើម្បីរកក្រុមឈ្នះ និងមានគ្រាប់បាល់ចំណេញច្រើនជាងគេឡើងទៅវគ្គបន្ដ។ គួរបញ្ជាក់ថា ដំណាក់កាលទី៣ បានប្រកួតជម្រុះរកឃើញក្រុមឡើងដំណាក់កាលទី៤នៃពាន Hun Sen Cup រដូវកាលថ្មីនេះចំនួន ៧ក្រុមរួចហើយ រួមមានក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គិសនីកម្ពុជា, គិរីវង្សសុខសែនជ័យ, ខេត្តស្វាយរៀង, ខេត្តស្ទឹងត្រែង, ខេត្តឧត្តរមានជ័យ និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ។

រីឯក្រុមកំពុងឈរចាំនៅដំណាក់កាលទី៤សុទ្ធតែក្រុមខ្លាំងៗ ដូចជាក្រុមបឹងកេត, ក្រសួងការពារជាតិ, ណាហ្គាវើល, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងក្រុម Cambodian Tiger៕

Advertisement