កូរ៉េខាងត្បូង​ផ្តួល​វៀតណាម​ដើម្បី​ទៅ​ជួប​ជប៉ុន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ

ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង អាយុ​ក្រោម 23ឆ្នាំ បាន​ឈានទៅ​កាន់ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​វិញ្ញាសា​កីឡាបាល់ទាត់ នៃ​ព្រឹត្តិការណ៍ Asian Games ឆ្នាំ2018 ក្រោយពី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​វៀតណាម​ដោយ​ពិន្ទុ 3-1 ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នា​កីឡដ្ឋាន Pakansari ក្នុង​ទីក្រុង​ហ្សា​ការ​តា កាលពី​ថ្ងៃ​ពុធ។

គ្រាប់​បាល់ 3គ្រាប់​ទាំងនោះ ត្រូវ​រកបាន​ដោយ​ខ្សែបម្រើ​អន្តរជាតិ​កូរ៉េខាងត្បូង Lee Seungwoo នៅ​នាទី ទី7 និង​ទី55 និង​ដោយ​ខ្សែប្រយុទ្ធ Hwang Ui Jo នៅ​នាទី​ទី28។ ក្រុម​ជម្រើសជាតិ​វៀតណាម បានធ្វើការ​វាយបក​បាន 1គ្រាប់​វិញ​តាមរយៈ​គ្រាប់​បាល់​របស់​កីឡាករ Tran Minh Vuong នៅ​នាទី​ទី70។

លោក Kim Hak Bum គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង បាន​ប្រើប្រាស់​កីឡាករ 4នាក់​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ2018 រួមមាន​អ្នក​ចា​ទី Jo Hyeonwoo ខ្សែប្រយុទ្ធ Son Heung Min និង Hwang Hee Chan និង​ខ្សែបម្រើ Lee Seungwoo។ ខ្សែប្រយុទ្ធ Son របស់​ក្លិប Tottenham Hotspur បានទទួល​តួនាទី​ជា​ប្រធាន​ក្រុម ខណៈដែល​កូរ៉េខាងត្បូង បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​វៀតណាម ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​វិញ្ញាសា​កីឡាបាល់ទាត់​ផ្នែក​បុរស ដោយ​នេះ គឺជា​ឱកាស​ចុងក្រោយ​របស់គេ​ក្នុងការ​ឈ្នះ​មេដាយមាស​ដែល​នឹង​ធ្វើឱ្យ​រូបគេ​រួច​ផុតពី​ការបំពេញ​កាតព្វកិច្ច​យោធា​រយៈពេល 21ខែ។

តារា​ឆ្នើម​ក្នុង​ព្រឹត្តិការណ៍ World Cup ដែល​ការបញ្ជូន​បាល់​ដ៏​ឆ្លាត​វៃ​របស់គេ​បាន​ជួយ​ឱ្យ​កីឡាករ Hwang Ui-jo រកបាន​គ្រាប់​បាល់​ទី2 សម្រាប់​កូរ៉េខាងត្បូង​នោះ បានឱ្យដឹងថា៖ «យើង​កំពុងតែ​ខិត​កាន់តែ​កៀក​ក្នុងការ​ឈ្នះ​មេដាយមាស ក៏ដូចជា​បង្កើត​ប្រវត្តិសាស្ត្រ​ដែរ ហើយ​យើង​នឹង​ប្រជែង​សម្រាប់​មេដាយ​មួយ​នេះ»។

ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈដែល​កូរ៉េខាងត្បូង នឹងត្រូវ​ជួប​ជាមួយនឹង​ជប៉ុន ដែល​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម 1-០ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយ​ផ្សេងទៀត៕

ប្រភពពី៖ Asian Games

Advertisement