Man Utd រំពឹងលុបចោលការភិតភ័យផ្សេងៗពេលប៉ះ Ajax នៅរាត្រីនេះ

ក្រុមបិសាចក្រហម Manchester United នឹងខិតខំព្យាយាមទុកភាពសោកសៅផ្សេងៗរបស់ពួកគេមួយឡែកនៅរាត្រីនេះ ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុម Ajax Amsterdam ក្រោយពីជួបការភិតភ័យដោយសារតែការវាយប្រហារបែបភេរវកម្មក្នុងទីក្រុងដែលជាទឹកដីរបស់ពួកគេ។

ក្នុងការប្រកួតដ៏សំខាន់នេះ កីឡាករនៃក្រុមទាំងពីរនឹងធ្វើពិធីស្មឹងស្មាធិ៍រយៈពេលមួយនាទីនៅមុនពេលការប្រកួតចាប់ផ្តើម ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទាំង២២នាក់នៅឯមជ្ឈមណ្ឌល Manchester Arena កាលពីថ្ងៃចន្ទ។

លោក Peter Bosz គ្រូបង្វឹករបស់ក្រុម Ajax បានប្រាប់សន្និសីទសារព័ត៌មាននៅមុនពេលការប្រកួតក្នុងទីក្រុង Stockholm ថា៖ «វាគួរតែជាការអបអរដ៏ធំមួយ ប៉ុន្តែនៅពេលដែលបញ្ហាដ៏រន្ធត់ កើតឡើង២ថ្ងៃមុនបែបនេះ យើងគិតថា វានឹងជះឥទ្ធិពលដល់ការប្រកួត»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាជាការប្រកួតមួយដែលក្រុម Man United ចង់ឈ្នះ ឯយើងក៏ចង់ឈ្នះ ហើយយើងនឹងខិតខំព្យាយាមដើម្បីដណ្តើមយកជ័យជម្នះឱ្យបាន។ ប៉ុន្តែ វានៅតែមានស្រមោលមួយដែលនៅដឹតជាប់ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ»។

Man United បានលុបចោលសន្និសីទសារព័ត៌មាននៅមុនពេលការប្រកួតរបស់ខ្លួន ខណៈដែលពួកគេទើបតែបានបង្ហាញខ្លួនជាសាធារណៈមួយលើកគត់នៅជុំវិញកីឡដ្ឋាន Friends Arena ក្នុងទីក្រុងរបស់ស៊ុយអែត កាលពីថ្ងៃអង្គារ។ ក្រុម Man United ឈានទៅកាន់ការប្រកួតនេះ ក្រោយពីបានផ្តួលក្រុម Crystal Palace ក្នុងលទ្ធផល ២-០ កាលពីថ្ងៃបិទរដូវកាលនៃក្របខ័ណ្ឌ Premier League ទោះជាត្រូវប្រើប្រាស់កីឡាករជម្រើសទី២ភាគច្រើនក៏ដោយ ព្រោះដើម្បីទុកជើងខ្លាំងៗសម្រាប់ការប្រកួតនៅរាត្រីនេះ។

ក្រុមបិសាចក្រហមមួយនេះក៏មិនដែលស្គាល់ចាញ់ផងដែរលើការប្រកួត៥លើកចុងក្រោយរបស់ខ្លួនក្នុងយុទ្ធនាការនៃក្របខ័ណ្ឌ Europa League ខណៈដែលក្រុម Ajax មិនស្គាល់ឈ្នះសោះពីការប្រកួតក្រៅទឹកដី៥លើកចុងក្រោយរបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺរាត្រីនេះ៕
ប្រភពពី៖ Sport24

Advertisement