Cristiano Ronaldo រក​បានគ្រាប់​បាល់​ទី​1 ​ឱ្យ Juventus ខណៈ Costa ត្រូវបានបណ្តេញ​ចេញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​រកគ្រាប់​បាល់​បញ្ចូល​ទី​ជាលើក​ទី​1 ​របស់​គេ​សម្រាប់ក្រុម Juventus ក្នុង​ការ​ប្រកួតលើក​ទី​4 ​របស់គេ នៅពេល​ដែល​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់​​របស់​គេក្នុង​តង់​ទី​2 បាន​ជួយ​ឱ្យក្រុម​សេះ​បង្កង់​មួយនេះ ទទួល​ជ័យ​ជម្នះ 2-1 លើក្រុម Sassuolo កាលពី​ថ្ងៃ​អាទិត្យ បើ​ទោះ​​បី​ជ័យ​ជម្នះ​របស់​ក្រុម Juventus នេះត្រូវ​បាន​រំ​ខាន​ដោយ​ការ​​រង​ពិន័យ​កាតក្រហម​របស់​ខ្សែ​បម្រើ Douglas Costa សម្រាប់​ការ​ស្តោះ​ទឹក​មាត់​​ទៅលើ​គូ​ប្រកួត​របស់ខ្លួន​ក៏ដោយ​។

Ronaldo ដែល​ជា​កីឡាករ​ឆ្នើម​​ប្រចាំឆ្នាំ​របស់​ពិភព​លោក​ 5សម័យកាល បាន​​រកគ្រាប់បាល់បញ្ចូល​ទី​របស់​គេ​យ៉ាង​​ងាយ​ស្រួល តាម​រយៈ​ការ​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ពីចម្ងាយ​តិច​ជាង​ 2​ម៉ែត្រ នៅនាទី ទី​50 នៅ​មុន​​ពេល​​រក​គ្រាប់​បាល់​ទី​2 ​របស់​គេ​។ ខ្សែ​ប្រយុទ្ធ KhoumaBabacar បាន​​តែត​បាល់​បញ្ចូល​ទី​ 1គ្រាប់​វិញ​នៅនាទីទី​90 ប៉ុន្តែការ​ប្រកួត​នេះ​បាន​បញ្ចប់​ទាំង​ភាព​ចម្រូង​ចម្រាស ខណៈ​ដែល Costa បាន​ធ្លាក់​ចូលក្នុង​ជម្លោះ​ជា​មួយ​នឹង​​ខ្សែ​បម្រើ Federico Di Francesco របស់​ក្រុម Sassoulo​។ ខ្សែ​បម្រើ​អន្តរ​ជាតិប្រេស៊ីល​រូបនេះ បាន​គេច​ផុត​ពីការ​រង​ពិន័យ​​កាត​លឿងម្ដងហើយ សម្រាប់​ការ​វាយ​កែង​ និង​ប្រើ​ក្បាល​អុក​ទៅលើ​គូ​ប្រកួត​របស់ខ្លួន ខណៈ​ដែល​ពួកគេ​បាន​ប៉ះ​ទង្គិច​គ្នា នៅ​មុន​ពេល​គ្រាប់បាល់​វាយ​បក​ 1គ្រាប់​វិញ​​របស់​ក្រុម Sassuolo ប៉ុន្តែរូប​គេ​បាន​រង​ពិន័យ​កាតក្រហម ក្រោយពី​កាមេ​រ៉ា​ថត​ជាប់​រូប​គេក្នុង​ពេល​ស្តោះ​ទឹក​មាត់​ដាក់​កីឡាករ Di Francesco ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​មួយ​ផ្សេង​ទៀត​។ ទាក់​ទង​នឹង​គ្រាប់​បាល់​ទី​1 ​របស់​ខ្លួន Ronaldo បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​មាន​ការ​ស្រេក​ឃ្លាន​បន្តិច ខណៈ​ដែល​ការ​រំពឹង​ទុក​ផ្សេង​ៗ ពិត​ជា​ខ្ពស់​។ ខ្ញុំ​ពិត​ជា​ចង់​រក​គ្រាប់បាល់បញ្ចូល​ទីណាស់ ហេតុនេះ ខ្ញុំ​ពិត​ជា​រីករាយណាស់​»​៕

ប្រភព​ពី៖ Channel News Asia

Advertisement