Modricនិង Marta ឈ្នះពាន​​​កីឡាករ-ការិនី​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA

ខ្សែ​បម្រើ​អន្តរ​ជាតិ​ក្រូ​អាស៊ី Luka Modric របស់​ក្លិប Real Madrid បាន​ជាប់​ជាកីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​​របស់ FIFA ​សម្រាប់​ឆ្នាំ​2018 ស្រប​ពេលដែល​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិប្រេស៊ីល Marta របស់​ក្លិប Orlando Pride បាន​ជាប់​ជា​​កីឡា​ការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ ក្នុងកម្មវិធី​ប្រគល់​រង្វាន់​មួយ​កាលពីថ្ងៃ​ចន្ទ​​។

Modric បាន​ឈ្នះពានក្រប​ខ័ណ្ឌ Champions League ជា​មួយ​នឹង​ក្លិប Real ហើយ​បន្ទាប់មកបានលេង​ក្នុង​តួនាទី​ដ៏សំខាន់​មួយ​ក្នុង​ពេលក្រុម​ជម្រើស​ជាតិ​ក្រូ​អាស៊ី​ឈាន​ទៅ​ប្រកួត World Cup វគ្គ​ផ្តាច់​ព្រ័ត្រ មុន​នឹង​ចាញ់ក្រុមជម្រើស​ជាតិ​បារាំង​។ Modric វ័យ 33​ឆ្នាំ បាន​ឱ្យ​ដឹង​ថា៖ «ពាន​រង្វាន់​នេះ​មិន​​​មែន​ជា​របស់​ខ្ញុំ​​តែម្នាក់​ឡើយ​។ វា​គឺ​ជា​ពាន​​របស់​មិត្ត​​រួម​ក្រុម​ខ្ញុំ​នៅក្លិប Real Madrid និងក្រុម​ក្រូ​អាស៊ី​។ បើ​គ្មានគ្រូបង្វឹក​របស់​ខ្ញុំ​ទេ​ ខ្ញុំ​មិនបាន​ឈ្នះ​ពាន​រង្វាន់​នេះ​ឡើយ ហើយ​បើ​គ្មានក្រុមគ្រួ​សារ​របស់​ខ្ញុំ​​ទេ​ ខ្ញុំ​មិនក្លាយ​ជាកីឡាក​រដូច​ថ្ងៃ​នេះ​ឡើយ​»​។ វា​ជាលើក​ទី​1​ហើយ ​បើ​គិត​ចាប់​តាំងពី​ខ្សែ​​ប្រយុទ្ធ​អន្តរ​ជាតិប្រេស៊ីល Kaka បាន​ឈ្នះ​ពាន​នេះ​កាលពី​ឆ្នាំ​2007 ដែល​​ពាន​រង្វាន់​ផ្នែក​បុរស មិន​ត្រូវ​បាន​ឈ្នះ​ដោយ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ឬ​ Lionel Messi របស់​ក្លិប Barcelona ខណៈ​ដែល​កីឡាករ​ទាំង​2 មិន​បាន​ចូល​រួម​ក្នុងកម្ម​វិធី​ប្រគល់​រង្វាន់​នៅ Royal Festival Hall ក្នុង​ទីក្រុង​ឡុងដ៍ឡើយ​។ Modric បាន​ផ្តួល Ronaldo និង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អេ​ហ្ស៊ីប Mohamed Salah របស់​ក្លិប Liverpool ដើម្បី​ឈ្នះ​ពាន​រង្វាន់​កិត្តិ​យស​នេះ​។

ជ័យ​ជម្នះ​របស់ Modricមាន​ន័យ​ថា Ronaldo នៅ​តែ​ស្មើ​ជាមួយ​នឹង Messi ក្រោយពី​បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ FIFA 5​លើក​​ដូច​គ្នា​។ Modric បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​​គ្រាប់ ហើយ​ក៏​បាន​រកគ្រាប់​បាល់​ប៉េ​ណាល់​ទី​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​​ដា​ណឺ​ម៉ាក និង​​រុស្ស៊ី ផងដែរ ប៉ុន្តែ សមត្ថ​ភាព​លេង​ដ៏អស្ចារ្យ​របស់​គេ​បាន​បង្កើត​ឱ្យ​មានការ​ចាប់​អារម្មណ៍​ផ្សេង​ៗ និង​ជួយ​ឱ្យ​រូប​គេ​ឈ្នះ​បាល់​មាស​សម្រាប់​ការ​ជាប់​ជា​​កីឡាករ​ដ៏ឆ្នើមបំផុត​ក្នុង World Cu​p​៕

ប្រភពពី៖ Channel News Asia

Advertisement