IOC និយាយ​ថា អនា​គត​អូឡាំពិក​របស់​កីឡា​ប្រដាល់កំពុង​ស្ថិតក្នុង​ហានិភ័យ

USA's Claressa Shields (left) fights against Netherlands' Nouchka Fontijn at the Rio 2016 Olympic Games.

សហ​​ព័ន្ធកីឡា​​ប្រដាល់​ស្ម័គ្រចិត្តអន្តរ​ជាតិ ​ហៅកាត់​ថា AIBA ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​​អភិ​បាល​កិច្ច​របស់​ខ្លួនឱ្យបាន​នៅ​ត្រឹម​ខែ​ក្រោយ​នេះ បើ​មិន​​អ៊ី​ចឹង​ទេនឹង​ប្រឈមមុខនឹង​ការ​​អវត្ត​មា​ន​ក្នុងព្រឹត្តិការណ៍​អូឡាំ​ពិក​ទីក្រុង​តូក្យូ ឆ្នាំ​2020 ព្រមទាំងនឹងបាត់​បង់​ការ​ទទួល​ស្គាល់​របស់​​ខ្លួន​ពី​គណៈ​កម្មា​ធិការ​​អូឡាំ​ពិក​អន្តរ​ជាតិ (IOC)មិនខាន​។ នេះ​បើយោង​​តាម​ការ​ព្រមាន​របស់ IOC កាលពីថ្ងៃ​ពុធ​។

IOC បាន​​ធ្វើ​ការ​ព្រមាន​ដល់ AIBA នៅមុន​ពេល​ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ បញ្ហាអភិ​បាល​កិច្ច​របស់​កីឡា​នេះ រួមទាំងបញ្ហា​ប្រឆាំង​នឹង​សារ​ធាតុ​ហាម​ឃាត់​របស់​​អង្គ​ភាព​នេះផង ឬ​មិន​អ៊ី​ចឹង​ទេ AIBA នឹង​ប្រឈមមុខ​នឹង​ការ​បាត់​ខ្លួន​​ចេញពី​ព្រឹត្តិការណ៍​អូឡាំ​ពិក​នៅទីក្រុង​តូក្យូ ឆ្នាំ​2020​។ គួរបញ្ជាក់ដែរថា របាយ​ការណ៍​វិវឌ្ឍន៍​របស់ AIBA កាលពី​ខែ​ឧសភា មិន​បាន​បំពេញ​ចិត្ត IOC ដែល​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ពិនិត្យមើល​លើ​បញ្ហា​នេះ​ម្តង​​ទៀត ក្រោយពី​​សន្និ​បាត​របស់ AIBA និង​ការ​បោះឆ្នោត​ជ្រើស​រើស​​ប្រធាន​ថ្មី​ នៅ​ថ្ងៃ​ទី​2 និង​ទី​3 ខែ​វិច្ឆិកា ក្នុង​ទីក្រុង​ម៉ូ​ស្គូ​ ប្រទេសរុស្ស៊ី។

​ IOC បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ក្រុម​ប្រឹក្សា​ប្រតិ​បត្តិ​របស់ IOC នៅ​ថ្ងៃ​នេះ បានសម្តែង​នូវ​ការ​ខ្វល់​ដ៏ខ្លាំង​របស់​ខ្លួន​ជា​មួយ​នឹង​ស្ថា​ន​ភាព​នៅក្នុង​សហ​ព័ន្ធ​កីឡា​ប្រដាល់ស្ម័គ្រចិត្ត​អន្តរ​ជាតិ (AIBA) និង​អភិបាល​កិច្ច​របស់​ពួក​គេ​នា​ពេលបច្ចុប្បន្ន​»​។ IOC បាន​បន្ថែម​ទៀត​ថា៖​ «បញ្ហា​ទាំង​នោះ​រាប់បញ្ចូល​ទាំង​កាលៈ​ទេសៈ​ផ្សេង​ៗ​នៃ​ការ​បង្កើត​បញ្ជី​ឈ្មោះ​បោះឆ្នោត​ និង​ទំនាក់​ទំនង​ដែលមិន​ត្រឹម​ត្រូវ​ក្នុង​ភាព​ជា​សមា​ជិក​របស់ AIBA ទាក់​ទង​នឹង​ទី​តាំង​របស់ IOC​»​។

AIBA បាន​ស្ថិត​ក្នុង​ស្ថាន​ភាព​ជ្រួល​ច្របល់​អស់​រយៈពេល​ជាច្រើន​ឆ្នាំមក​​ហើយ ហើយ​អតីត​ប្រធាន​របស់​ខ្លួន គឺ​លោក Wu Ching-kuo បាន​ជាប់​ពិន័យ​ព្យួរ​ការងារកាលពីឆ្នាំ​2017 នៅ​មុន​ពេល​លា​លែង​ពី​តំណែង​ជុំ​វិញ​បញ្ហា​អភិបាល​កិច្ច និងបញ្ហា​ហិរញ្ញវត្ថុ​៕

ប្រភព​ពី៖ Reuters

Advertisement