Hamilton ថា ការ​តាម​ឱ្យ​ស្មើ​កំណត់ត្រា​របស់ Schumacher មិន​ស្ថិតក្នុង​គម្រោង​ឡើយ

កីឡាករ​ប្រណាំង​រថយន្ត Lewis Hamilton នឹង​ខិត​កាន់តែ​កៀក​ទៅជិត​កំណត់ត្រា​របស់ Michael Schumacher ហើយ ប្រសិនបើ​រូបគេ​ឈ្នះ​ពាន Formula One ពិភពលោក​ជា​លើក​ទី5 នៅ​ចុង​សប្តាហ៍​នេះ ក្នុង​ទីក្រុង Austin ប៉ុន្តែ រូបគេ​បានបញ្ជាក់​ប្រាប់​កាលពី​ថ្ងៃ​ពុធ​ថា ការ​តាម​ស្មើ​កំណត់ត្រា​របស់​អតីត​កីឡាករ​ដ៏​ឆ្នើម​របស់​អាល្លឺម៉ង់​រូបនេះ មិនបាន​ស្ថិតក្នុង​ផែនការ​របស់គេ​ឡើយ។

កីឡាករ​របស់​ក្រុម Mercedes រូបនេះ​កំពុង​ស្ថិតនៅ​ពីក្រោយ​កំណត់ត្រា​នៃ​ការ​ឈ្នះ​ពាន​ពិភពលោក​ចំនួន 7លើក​របស់ Schumacher ត្រឹមតែ 2លើក​ទៀត​ប៉ុណ្ណោះ ប្រសិនបើ​រូបគេ​រកបាន 8ពិន្ទុ​ច្រើនជាង​កីឡាករ Sebastian Vettel របស់​ក្រុម Ferrari ក្នុង​ទីក្រុង Austin នៅ​ថ្ងៃអាទិត្យ​នេះ។ ប៉ុន្តែ Hamilton បាន​បញ្ជាក់ថា រូបគេ​បានសម្រេច​នូវ​មហិច្ឆតា​ក្នុង​ជីវិត​របស់គេ​កាលពី​ឆ្នាំ2015រួចហើយ ដែល​នៅពេលនោះ​រូបគេ​បាន​តាម​ស្មើ​កំណត់ត្រា​របស់​តារា​ឆ្នើម​ក្នុង​ដួងចិត្ត​របស់គេ គឺ​លោក Ayrton Senna ម្ចាស់​ជើងឯក​ពិភពលោក 3សម័យកាល​របស់​ប្រេ​ស៊ី​ល ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ1994 ហើយ​ថា ការ​តាម​ឱ្យ​ស្មើ​កំណត់ត្រា​របស់ Schumacher មិនបាន​ស្ថិតក្នុង​គោលដៅ​របស់គេ​ឡើយ។

Hamilton បាន​ប្រាប់​បណ្តាញសារព័ត៌មាន Reuters ថា៖ «និយាយ​ឱ្យ​ត្រង់​ទៅ នោះ​មិនមែនជា​គោលដៅ​របស់ខ្ញុំ​ឡើយ។ ខ្ញុំ​បានចាប់ផ្តើម​ជាមួយនឹង​គោលដៅ​ដើម្បី​តាម​ស្មើ​លោក Ayrton Senna ឬ​តាម​ស្មើ​លោក Ayrton Senna ដែលជា​មនុស្ស​ធ្វើឱ្យ​ខ្ញុំ​ចង់​ធ្វើតាម។ ខ្ញុំ​បាន​តាម​ស្មើ​កំណត់ត្រា​របស់គាត់​កាលពី 2ឆ្នាំមុន។ ហេតុនេះ ចាប់តាំងពី​ពេលនោះ​មក ខ្ញុំ​មិនមាន​គោលដៅ​ផ្សេង​ឡើយ»៕

ប្រភពពី៖ Channel News Asia

Advertisement