Costa បញ្ជាក់ថា គេនឹងចូលរួមជាមួយតែក្លិប Atletico ប៉ុណ្ណោះ បើចេញពី Chelsea

ខ្សែប្រយុទ្ធ Diego Costa បានបញ្ជាក់ថា រូបគេនឹងចូលរួមជាមួយនឹងក្លិប Atletico Madrid បើត្រូវចាកចេញពី Chelsea នៅរដូវក្តៅនេះ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមផ្សេងៗទាក់ទងនឹងការផ្ទេរខ្លួនរបស់គេទៅកាន់ប្រទេសចិន។

Costa បានស៊ុតបាល់បញ្ចូលទី២២គ្រាប់នៅរដូវកាលនេះ ដើម្បីជួយឲ្យក្រុម Chelsea ឈ្នះពានក្របខ័ណ្ឌ Premier League ជាលើកទី២ក្នុងរយៈពេល៣រដូវកាល។ ប៉ុន្តែ ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីលរូបនេះ បានជួបការលំបាកក្នុងការសម្របខ្លួនក្នុងទីក្រុងឡុងដ៍ និងបានផ្ទុះជម្លោះជាមួយនឹងគ្រូបង្វឹករបស់ Chelsea គឺលោក Antonio Conte កាលពីខែមករា ក្នុងពេលហ្វឹកហាត់ដែលនាំឲ្យមានពាក្យចចាមអារ៉ាមថារូបគេអាចនឹងក្លាយជាតារាឆ្នើមចុងក្រោយរបស់អឺរ៉ុប ក្នុងការទៅចូលរួមជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌរបស់ចិន។

ទោះបីជាយ៉ាងណា ក្រោយពីចាញ់ក្រុម Arsenal ក្នុងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ Costa បាននិយាយថា រូបគេនឹងត្រូវតែវិលទៅកាន់ក្លិប Atletico ជាកន្លែងដែលរូបគេបានឈ្នះពាន La Liga កាលពីឆ្នាំ២០១៣-២០១៤ ប្រសិនបើរូបគេចាកចេញពីក្លិប Chelsea។ កីឡាកររូបនេះបានឲ្យដឹងថា៖ «ប្រសិនបើក្លិបពិតជាចង់លក់ខ្ញុំមែន ហើយវាមានសំណើពីក្លិបផ្សេងតែមួយ ខ្ញុំនឹងបន្តនៅទីនេះទៀត តែប្រសិនបើមានសំណើពីក្លិប Atletico ខ្ញុំគិតថា វានឹងមានភាពច្បាស់លាស់ជាង»។ Costa បានបន្ថែមទៀតថា៖ «ខ្ញុំនឹងជ្រើសរើសយកអនាគតរបស់ខ្ញុំ មិនមែនពួកគេឡើយ។ ខ្ញុំនឹងមិនផ្លាស់ប្តូរទីក្រុង ឬប្រទេសសម្រាប់ក្លិបផ្សេងដែលមិនស្ថិតក្នុងអេស្ប៉ាញឡើយ»៕
ប្រភពពី៖ The Sun

Advertisement