Pacquiao និង Broner នឹង​ប្រកាស​ពី​ការប្រកួត​ផ្លូវការ​របស់ខ្លួន​នៅ​សប្តាហ៍​ក្រោយ

ជើងឯក​ខ្សែក្រវាត់​ពិភពលោក 8ប្រភេទ​ទម្ងន់ Manny Pacquiao នឹងត្រូវ​ប្រកាស​ពី​ការប្រកួត​ការពារ​ខ្សែក្រវាត់​ក្នុង​ទម្ងន់ 66.7គីឡូក្រាម ពី​ស្ថាប័ន WBA របស់គេ​ជាមួយនឹង​កីឡាករ Adrien “The Problem” Broner ក្នុង​ដំណើរ​ផ្សព្វផ្សាយ​នៅលើ​ទឹកដី​អាមេរិក នៅ​សប្តាហ៍​ក្រោយនេះ។ នេះ​បើ​យោងទៅតាម​បណ្តាញសារព័ត៌មាន​នានា។

ការប្រកួត​ដែល​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី19 ខែមករា ឆ្នាំ2019 នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ចន្ទ (ត្រូវ​នឹង​ថ្ងៃ​អង្គារ នៅ​កម្ពុជា) ក្នុង​ទីក្រុង​ញូវយ៉ក​សប្តាហ៍​ក្រោយនេះ។ នេះ​បើ​យោងទៅតាម​គេហទំព័រ Boxing Scene។ ការប្រកាស​នេះ នឹងត្រូវ​ធ្វើឡើង​នៅមុន​ពេល​សន្និសីទ​សារព័ត៌មាន​មួយ​ផ្សេងទៀត​សម្រាប់​ការប្រកួត​រវាង Pacquiao និង Broner នៅ​ថ្ងៃ​អង្គារ (ត្រូវ​នឹង​ថ្ងៃ​ពុធ) ក្នុង​ទីក្រុង Los Angeles។

ការប្រកួត​ជាមួយនឹង Broner គឺជា​ផ្នែក​មួយ​នៃ​ការខិតខំ​ព្យាយាម​របស់ Pacquiao ក្នុងការ​ទទួលបាន​កា​រ​ប្រកួត​សងសឹក​ជាមួយនឹង​កីឡាករ Floyd Mayweather Jr.។ កីឡាករ​ជំនាញ​ដៃ​ឆ្វេង​រូបនេះ​មានកំណត់​ត្រា​ឈ្នះ 60លើក ចាញ់ 7លើក និង​ស្មើ 2លើក ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់ 39លើក។

ក្នុង​អាជីព​ប្រដាល់​ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ1995 មក​នោះ Pacquiaoនឹង​ឈានចូល​វ័យ 40ឆ្នាំ​នៅ​ខែធ្នូ ស្របពេល​កីឡាករ​អាមេរិក Broner មាន​វ័យ 33ឆ្នាំ ចាញ់ 3លើក និង​ស្មើ 1លើក ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់ 24លើក។

Pacquiao ដែលជា​កីឡាករ​ប្រដាល់​តែ​ម្នាក់​គត់​ដែល​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក 8ប្រភេទ​ទម្ងន់​ផ្សេងគ្នា​នោះ បាន​និយាយ​កាលពី​ខែតុលា​ថា រូបគេ​មាន​ភាពច្បាស់លាស់ 90ភាគរយ​ថា រូបគេ​នឹង​ប្រកួត​ជាមួយនឹង Broner ដែលជា​អតីត​ម្ចាស់​ខ្សែក្រវាត់ 4ប្រភេទ​ទម្ងន់​ផ្សេងគ្នា៕

ប្រភពពី៖ Straits Times

Advertisement