អត្ត​ព​លិ​ក​លើក​ទម្ងន់ 5នាក់ រង​ពិន័យ​ព្យួរ ក្រោយ​ការពិនិត្យ និង​ធ្វើតេស្ត​អូឡាំពិក 2012ឡើងវិញ

អត្ត​ព​លិ​ក​លើក​ទម្ងន់ 5នាក់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ម្ចាស់​ជើងឯក​អូឡាំពិក 2នាក់​ផង បាន​រង​ពិន័យ​ព្យួរ​ជា​បណ្តោះអាសន្ន ក្រោយពី​ការធ្វើ​វិភាគ​ឡើងវិញ​ទៅលើ​គំរូ​ទឹកនោម​ដែល​ត្រូវបាន​ផ្តល់ឱ្យ អំឡុងពេល​នៃ​ព្រឹត្តិការណ៍​អូឡាំពិក ទីក្រុង​ឡុង​ដ៍ ឆ្នាំ2012។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ (IWF) កាលពី​ថ្ងៃ​ចន្ទ។

កីឡាករ​អ៊ុយ​ក្រែ​ន Oleksiy Torokhtiy ម្ចាស់​មេដាយមាស​អូឡាំពិក​ក្នុង​ទម្ងន់ 105គីឡូក្រាម​កាលពី 6ឆ្នាំមុន និង​កីឡាករ​អ៊ូ​ស​បេ​គី​ស្ថាន RuslanNurudinov ដែល​បានឈ្នះ​មេដាយមាស​ក្នុង​វិញ្ញាសា​ដូចគ្នានេះ ក្នុង​អូឡាំពិក​ទីក្រុង Rio ឆ្នាំ2016 សុទ្ធសឹង​ត្រូវបាន​ពិនិត្យឃើញថា មាន​ភាព​វិជ្ជមាន​ទៅលើ​សារធាតុ​ហាមឃាត់។

មានតែ Torokhtiy ម្នាក់​គត់​ដែល​ប្រឈម​នឹង​ការបាត់បង់​មេដាយ​របស់ខ្លួន ខណៈដែល​គំរូផ្សេងៗដែល​ត្រូវបាន​ពិនិត្យឡើងវិញ ត្រូវបាន​ផ្តល់ឱ្យ​រយៈពេល 4ឆ្នាំ នៅមុន​ពេល​ការ​ឈ្នះ​មេដាយមាស​របស់ Nurudinov នៅ​ប្រេ​ស៊ី​ល។

កីឡាករ​អា​ស៊ែ​បៃ​ហ្ស​ង់ Valentin Hristov ដែល​បច្ចុប្បន្ន​កំពុងតែ​ជាប់​ពិន័យ​ព្យួរ 8ឆ្នាំ ក្រោយពី​ការពិនិត្យ​ឃើញ​ជា​វិជ្ជមាន​លើ​សារធាតុ​ហាមឃាត់​ក្នុង​ឆ្នាំ2013 និង2015 អាច​នឹង​បាត់បង់​មេដាយ​សំរឹទ្ធ​កាលពី​ឆ្នាំ2012របស់គេ​ពី​ការប្រកួត​លើ​វិញ្ញាសា​ទម្ងន់ 56គីឡូក្រាម ក្រោយពី​បាន​ពិនិត្យឃើញ​ជា​វិជ្ជមាន​ទៅលើ​សារធាតុ​ជំនួយ​កម្លាំង​ផងដែរ។

អត្ត​ព​លិ​ក 2នាក់​ទៀត ដែល​ពិនិត្យឃើញ​ជា​វិជ្ជមាន​រួមមាន កីឡាករ​អា​មេ​នី MelineDaluzyan និង​កីឡាករ​បេឡា​រុស MikalaiNovikau ដែល​មិន​បានឈ្នះ​មេដាយ​ឡើយ​ក្នុង​ទីក្រុង​ឡុង​ដ៍។ កាលពី​ខែ​មុន គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បានប្រកាសថា ការវិភាគ​ជាថ្មី​ទៅលើ​គំរូ​ទឹកនោមផ្សេងៗពី​អូឡាំពិក​ឆ្នាំ2012 ដែល​ប្រើប្រាស់​បច្ចេកវិទ្យា និង​វិធីសាស្ត្រ​ទំនើប​បំផុត​នោះ នឹងត្រូវ​ផ្តល់ទៅឱ្យ​ភ្នាក់ងារ​ធ្វើតេស្ត​អន្តរជាតិ៕

ប្រភពពី៖ Channel News Asia

Advertisement